អន្តរជាតិ

សេដ្ឋវិទូថាសេដ្ឋកិច្ចអាម៉េរិកនឹងធ្លាក់ចុះនាំឲ្យមូលនិធិហិរញ្ញវត្ថុមានសភាពផុយស្រួយនៅឆ្នាំនេះ

កែសម្រួល៖ រ៉ាម៉េត

អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាម៉េរិក និងជាអតីតមន្ត្រីនៅមូលនិធិរូបិយវត្ថុអន្តរជាតិលោក Desmond Lachman បាននិយាយថា “សេដ្ឋកិច្ចអាម៉េរិកទំនងជាធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅពាក់កណ្តាលឆ្នាំនេះ” ។

យោងតាមនាយកដ្ឋានពាណិជ្ជកម្ម កំណើនអត្រា GDP រួមទាំងការដោះដូរទំនិញនិងសេវាកម្មទូទៅនិងផលិតកម្មរបស់អាម៉េរិក ប្រចាំឆ្នាំ មានចំនួយ១.១ ភាគរយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

អត្រាកំណើន GDP នេះត្រូវបានចាត់ទុកថាមានការធ្លាក់ចុះខ្លាំងដែលមិនស្របទៅនឹងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលថានឹងទទួលបានកំណើន ២ ភាគរយ។

គេបានកត់សម្គាល់ថាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់អំពីកំណើនសេដ្ឋកិច្ចធៀបនឹងត្រីមាសទី ៤ កាលពីឆ្នាំមុនដែលមានចំនួន ២.៦ ភាគរយ។

លោក Lachman បានប្រាប់ Xinhua ថា របាយការណ៍ GDP ដ៏ខកចិត្តនេះគួរណាស់តែ “មិនមានការភ្ញាក់ផ្អើលទេ” បើគេគិតថា Federal Reserve បានចូលរួមក្នុងវដ្តនៃការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។

សេដ្ឋកិច្ចអាម៉េរិក​បាន​បង្ហាញ​ជាសញ្ញា​ថាមាន​សភាព​វឹកវ​តាំងពីមុន​ការ​ចេញ​ផ្សាយ​ទិន្នន័យ​នេះ។

អត្រាលក់រាយរបស់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ ១ ភាគរយនៅក្នុងខែមីនា ចំពេលមានការកាត់បន្ថយការប្រើប្រាស់យានយន្ត និងការទិញសំបុត្រធ្វើដំណើរផ្សេងៗទៀត ដែលជាសញ្ញាបង្ហាញថាសេដ្ឋកិច្ចអាម៉េរិកកំពុងធ្លាក់ចុះ។ កត្តាទាំងនោះ​បាន​កើត​ឡើង​ដោយ​សារ​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​កាល​ពី​ខែ​មុន។

ទន្ទឹម​នឹង​នេះដោយសារការ​ធ្លាក់​ចុះ​តម្រូវ​ការក៏​នាំ​ឱ្យ​ផ្នែកផលិតកម្ម​រោងចក្រ​ធ្លាក់​ចុះ​កាល​ពី​ខែ​មុនផងដែរ។

ប្រាក់ចំណូលរបស់សាជីវកម្មធំ ៗ ក៏បង្ហាញសញ្ញាថាសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះផងដែរ។

ក្រុមហ៊ុន UPS ដឹកទំនិញដ៏ធំរបស់សហរដ្ឋអាម៉េរិកកាលពីដើមសប្តាហ៍នេះបានរាយការណ៍ថាប្រាក់ចំណូលបានធ្លាក់ចុះ ៦ ភាគរយនៅក្នុងត្រីមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីថ្លែងការណ៍រកប្រាក់ចំណូលរបស់ UPS បាននិយាយថា “នៅក្នុងត្រីមាសទី ១ ការលក់រាយរបស់សហរដ្ឋអាម៉េរិកមានស្ថានភាពយឺតបណ្តាលឱ្យមានបរិមាណទាបជាងអ្វីដែលរំពឹងទុក” ។

ក្រុមហ៊ុនបាននិយាយថា “ដោយសារលក្ខខណ្ឌម៉ាក្រូបច្ចុប្បន្នរំពឹងថាបរិមាណនឹងនៅតែស្ថិតក្រោមសម្ពាធដ៏ដែល” ។

សេដ្ឋវិទូបានធ្វើការព្យាករណ៍អំពីការធ្លាក់ចុះសេដ្ឋកិច្ចអស់រយៈពេលជាងមួយឆ្នាំដែលមនុស្សជាច្រើនបានព្យាករថាវាស្ថិតនៅក្នុងកម្រិតមួយស្រាលនៅឡើយ។ តែអ្នកខ្លះជឿថាវាមានហានិភ័យហើយនិងមានការធ្លាក់ចុះយ៉ាងគំហុកទៀតផង។

លោក Lachman បាននិយាយថា ទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នមាន “ភាពផុយស្រួយ” អាចនឹងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច “ធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចក្រោយសង្គ្រាមលោក” ។

សេដ្ឋវិទូក៏បានព្រមានផងដែរថាការជាប់គាំងមូលិធិហិរញ្ញវត្ថុនាពេលថ្មីៗនេះរបស់ធនាគារ Silicon Valley អាចបង្កជាគ្រោះថ្នាក់ដល់ធនាគារខ្នាតមធ្យម និងជះឥទ្ធិពលលើសេដ្ឋកិច្ចជាសកល៕