អន្តរជាតិ

អ៊ុយក្រែនទទួលបានជំនួយឥតសំណងថ្មី១.២៥ពាន់លានដុល្លារពីអាម៉េរិក

អ៊ុយក្រែនទទួលបានជំនួយឥតសំណងថ្មីដ៏ច្រើនក្រាស់ក្រែល១.២៥ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិក ដើម្បីទុកប្រើប្រាស់ចាត់ចែងលើចំណាយសង្គមសាធារណៈសំខាន់ៗ។

យោងតាមប្រភពសារព័ត៌មាន The Kyiv Independent បានឲ្យដឹងថា ជំនួយឥតសំណងដែលមិនចាំបាច់សងទៅអាម៉េរិកវិញនេះត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រទី ២៨​ខែមេសា ឆ្នាំ២០២៣ ដោយក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន។  យោងតាមក្រសួង ទឹកប្រាក់១.២៥ពាន់លានដុល្លារថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់សោធននិវត្តន៍ និងប្រាក់បៀវត្សរ៍ដល់បុគ្គលិកសង្គ្រោះបន្ទាន់ បុគ្គលិកថែទាំសុខភាពរបស់អ៊ុយក្រែន និងការទូទាត់សង្គម រួមទាំងការទូទាត់សម្រាប់ជនភៀសខ្លួនក្នុងស្រុក”។

យោងតាមវិទ្យាស្ថាន Kiel Institute for the World Economy ដែលជាវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ បានឲ្យដឹងថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមមក រដ្ឋបាល Biden និងសភាអាម៉េរិកបានដឹកនាំជំនួយជាង 75 ពាន់លានដុល្លារហើយដល់អ៊ុយក្រែន ដែលរួមមានជំនួយមនុស្សធម៌ ហិរញ្ញវត្ថុ និងយោធា៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា