អន្តរជាតិ

រុស្ស៊ីវាយប្រហារទូទាំងប្រទេសអ៊ុយក្រែននៅចុងសប្តាហ៍នេះសម្លាប់មនុស្ស២៥នាក់

រុស្ស៊ីបើកការវាយប្រហារទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវនៅចុងសប្តាហ៍នេះ ដោយបានសម្លាប់មនុស្ស​សរុបរហូតទៅដល់២៥នាក់។

ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​ចុងក្រោយថ្ងៃសុក្រទី ២៨ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអ៊ុយក្រែន ត្រូវបានក្រសួងមហាផ្ទៃអ៊ុយក្រែនធ្វើបច្ចុប្បន្នភាពចុងក្រោយថាបាន​សម្លាប់​មនុស្ស​២៥​នាក់​ ដែលរួមមានទាំង​កុមារ​អាយុ​១០​ឆ្នាំ​ពីរ​នាក់ និង​ក្មេង​តូច​ម្នាក់ផងដែរ។ ក្នុង​ចំណោម​មី​ស៊ី​ល​២៣​គ្រាប់ អ៊ុយ​ក្រែ​ន​បានស្ទាក់ចាប់បាន២១គ្រាប់ និង​បានបាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន២គ្រឿងរបស់រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ។

ការវាយប្រហារនេះបានធ្វើឡើងមកលើអគារលំនៅដ្ឋានកម្ពស់ប្រាំបួនជាន់ នៅកណ្តាលក្រុង Uman អ៊ុយក្រែន ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយប្រហែល ២១៥ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Kyiv។ ជុំវិញការវាយប្រហារនេះ មិនខុសនឹងសព្វដង រុស្ស៊ីមិនបានចេញមុខទទួលខុសត្រូវឡើយ។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយ និងមានភាពជាក់លាក់ខ្ពស់ពេញមួយយប់​ទៅលើអង្គភាពបម្រុងរបស់កងទ័ពអ៊ុយក្រែន ហើយថាគោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា