សន្ដិសុខសង្គម

ម៉ូតូបើកកាត់បារ៉ាស់ដែកធ្លាក់សង្កត់ធ្វើឱ្យបុរស២នាក់រងរបួសធ្ងន់​

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាឆ្លងកាត់បារ៉ាស់ដែក ស្រាប់តែដាច់ច្រវាក់ធ្លាក់សង្កត់បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍​នេះបាន​កើតឡើង​ស្ថិត​នៅ​​មុខ​ឃ្លាំង​ស្តុក​ទំនិញ​មួយ ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២៨ មេសា។

មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ជន​រង​គ្រោះ​ទាំង​២​នាក់​​រងរបួសធ្ងន់ឈ្មោះ​នាង ស៊ី​ន អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ឈ្មោះ​ឈរ ភក្តី អាយុ​៣៤​ឆ្នាំ ​នៅ​សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ។

​ករណីនេះបង្កពីម្ចាស់​ឃ្លាំង​​ស្តុកទំនិញបានដាក់បារ៉ាស់ដែកកាត់ទទឹងផ្លូវដើម្បីមិនឱ្យរថយន្តធំផ្សេងបើកឆ្លងកាត់។លុះរថយន្តរបស់ខ្លួន​ចូល ​សន្តិសុខក៏​បើក​បា​រ៉ា​ស់​ឱ្យកុងតឺន័រ​ក្រុមហ៊ុន​​ចូល​​ដាក់​ទំនិញ​​ក្នុង​ឃ្លាំង។ពេលនោះបារ៉ាស់បានដាច់ច្រវាក់សម្រាប់ទាញបិទ-បើកបណ្ដាលឱ្យធ្លាក់សង្កត់លើបុរស២នាក់កំពុងជិះម៉ូតូឆ្លងកាត់ឱ្យរងរបួសធ្ងន់តែម្តង។ក្រោយ​​កើតហេតុ កម្លាំងនគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​និងបន្តនីតិវិធី៕ដោយ៖វិចិត្រ