សន្ដិសុខសង្គម

បើកម៉ូតូធំបុកថ្មចែកផ្លូវដួលខ្ទាតមនុស្សបោកក្បាលស្លាប់មួយរំពេច​

ភ្នំពេញ​៖បុរសម្នាក់ជិះម៉ូតូធំយ៉ាងលឿនជ្រុលទៅបុកថ្មចែកផ្លូវដួលខ្ទាតមនុស្សបោកក្បាលនឹងបង្គោលប៉ាណូ​ពេញទំហឹងបណ្ដាលឱ្យស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅភូមិជ្រៃកោង តាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។តែនៅជាប់ខ្លួនជនរងគ្រោះមានកាតវ៉ាក់សាំងមួយសន្លឹកឈ្មោះ មិត្រ អ៊ីរ៉ាក់ ជិះម៉ូតូម៉ាក HONDA CBR ផ្លាកលេខភ្នំពេញ1GY.7291។

មុនកើតហេតុ ម៉ូតូធំនេះបើកតាមផ្លូវវេងស្រេងពីកើតទៅលិចយ៉ាងលឿន។មកដល់កន្លែងខាងលើស្ថានភាពផ្លូវកោង​ក៏ជ្រុលទៅបុកខឿនថ្មចែកផ្លូវដួលខ្ទាតមនុស្សទៅបោកផ្ទប់នឹងបង្គោលផ្លាកប៉ាណូបណ្តាលឱ្យស្លាប់ភ្លាម។

ក្រោយកើតហេតុនគរបាលខណ្ឌបានចុះមកពិនិត្យនិងដឹកសពទៅតម្កល់នៅវត្តទឹកថ្លារង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ