សន្ដិសុខសង្គម

បញ្ជូន២នាក់ទៅតុលាការករណីឆក់ទ្រព្យសម្បត្ដិតាមផ្លូវជិត២០លើក

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ក្រោយចាប់ខ្លួនករណីឆក់ទ្រព្យសម្បត្ដិ និងសម្ភារតាមផ្លូវចំនួន១៨លើក។

មន្ត្រីនគរបាលបានឱ្យដឹងថា បន្ទាប់ពីមានអំពើឆក់នៅកន្លែងលេងហ្គេមបាញ់ត្រីមួយ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២៥ ខែមេសានោះមក កម្លាំងបានចេញប្រតិបត្តិការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន២នាក់។

ជនសង្ស័យឈ្មោះ យ៉ាន់ សាន់ដេ ហៅកែវសាន់ដេ អាយុ២១ឆ្នាំ ស្នាក់ក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ។ ឈ្មោះ បាំងលេងហ៊ួរ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមការសាកសួរពីផ្នែកជំនាញ ពួកគេបានសារភាពថា បានប្រព្រឹត្តអំពើឆក់សម្ភារនិងទ្រព្យសម្បត្តិមានតម្លៃ តាមផ្លូវចំនួន១៨លើរួចមកហើយ។បច្ចុប្បន្នជនសង្ស័យទាំង២ នាក់កំពុងស្ថិតនៅក្រោមចំណាត់ការរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ដោយ៖វិចិត្រ