សន្ដិសុខសង្គម

នឹងនាំសន្តិសុខផ្សារគាស់តូបលួចក្រវិលកំប៉ុងស្រាបៀរទៅតុលាការ

កោះកុង៖ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខផ្សារ ករណីយកពូថៅវាយ បំបែកសោតូបលួចគាស់យកក្រវិលកំប៉ុងស្រាបៀរជាច្រើនកេស នឹងនាំទៅតុលាការ។

កម្លាំងនគរបាលក្រុងខេមរភូមិន្ទបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីអាជីវករថា មានចោរគាស់ទម្លុះទម្លាយតូបលក់អីវ៉ាន់ក្នុងផ្សារដងទង់។អាជីវករឈ្មោះហោ សាលាង អាយុ ៦៥ឆ្នាំ អ្នកលក់ដូរនៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។ក្នុងការវាយសោតូបនេះជនមិនស្គាល់មុខបានគាស់សា្របៀរជាច្រើនកេសដើម្បីយកក្រវិលកំប៉ុង។

ក្រោយពីទទួលពាក្យបណ្ដឹង លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងបានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឡេង វុទ្ធី អាយុ៤១ ឆ្នាំ ជាសន្តិសុខផ្សារដងទង់ នាថ្ងៃទី២៨ ខែមេសា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានយកពូថៅពីតូបលក់សាច់ជ្រូកនៅជិតនោះមកវាយបំបែកសោ រួចគាស់ស្រាបៀរជាច្រើនកេសយកក្រវិលកំប៉ុង។បន្ទាប់ពីនោះសមត្ថកិច្ចបានកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ