សន្ដិសុខសង្គម

ជិះម៉ូតូបុកកុងតឺន័រកំពុងចតបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុករថយន្តកុងតឺន័រកំពុងចតចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅជិតទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមមហាវិធីចោមចៅ ក្នុងសង្កាត់មានជ័យទី៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្ដកុងតឺន័រ២គ្រឿងបានឈប់ចតទន្ទឹមគ្នានៅចិញ្ចើមផ្លូវ។

ពេលនោះមានបុរស២នាក់បើកម៉ូតូស្កុបពីផ្លាកលេខភ្នំពេញ1JQ 5426 ឌុបគ្នាក្នុងល្បឿនលឿនក៏បុករថយន្ដកុងតឺន័រនោះ​ពេញទំហឹង បណ្ដាលឱ្យដួលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។ចំណែករថយន្ដកុងតឺន័រ២គ្រឿងដែលឈប់នោះ ក៏បើករត់គេចបាត់។ក្រោយមកសមត្ថកិច្ចបានចុះវាស់វែង​និងយកម៉ូតូទៅទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ