អន្តរជាតិ

ឆ្មាំជាតិអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ZALA 421 នៅតំបន់ Kherson

ឆ្មាំជាតិអ៊ុយក្រែន បានរាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ZALA 421 នៅតំបន់កំពង់ផែ Kherson ភាគខាងត្បូង។

យោងតាមប្រភពសមាគមប្រតិបត្តិការ-ដែនដីភាគខាងត្បូងនៃឆ្មាំជាតិអ៊ុយក្រែន ឬការិយាល័យ សារព័ត៌មាននៃឆ្មាំជាតិអ៊ុយក្រែនក្នុងបទសម្ភាសន៍ជាមួយបណ្តាញ Ukrainska Pravda បានឲ្យដឹងថា ទាហានឆ្មាំជាតិបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាលពីថ្ងៃទី ២៥ ខែមេសា។ យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅលើដីវាលដែលពោរពេញដោយគ្រាប់មីននៅតំបន់ឃើសន។ ទាហានឆ្មាំជាតិបានពិនិត្យថាតើកន្លែងដែលឧបករណ៍ធ្លាក់នោះស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីឬអត់ ហើយបានឃើញថា មិនមានស្ថិតឡើយ ។នៅថ្ងៃទី ២៧ ខែមេសា ឆ្មាំជាតិអ៊ុយក្រែនបានចូលទៅដោះមីនផ្លូវឆ្លងកាត់ និងបានយកយន្តហោះគ្មានមនុស្សបើកនោះ។  បន្ទាប់មកឧបករណ៍នេះត្រូវបានប្រគល់ឱ្យអ្នកឯកទេសដើម្បីធ្វើការវិភាគបច្ចេកទេសនិងព័ត៌មាន និងបានរកឃើញថា វាគឺពិតជាយន្តហោះគ្មានមនុស្សបើករុស្ស៊ី ZALA 421មែន។

ឆ្មាំជាតិបានបន្ថែមថា កងកម្លាំងកាន់កាប់របស់សហព័ន្ធរុស្ស៊ី ជាធម្មតាប្រើឧបករណ៍សម្រាប់ការឈ្លបយកការណ៍ គ្រប់គ្រងទឹកដី ស្វែងរក វាយគោលដៅ និងត្រួតពិនិត្យចលនាឧបករណ៍យោធា។ល។ ការរកឃើញ និងការបំផ្លិចបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់សត្រូវ គឺជាកិច្ចការដ៏សំខាន់មួយរបស់ឆ្មាំជាតិ ដែលចាំបាច់បំផុតដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនពីការគំរាមកំហែងដែលអាច កើតមាននៃការវាយប្រហាររបស់សត្រូវ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា