អន្តរជាតិ

ក្មេងស្រីជនជាតិឥណ្ឌាមានសក់វែងជាងគេបំបែកកំណត់ត្រាពិភពលោកចំនួន២ដង

ដោយ៖ សហការី

ក្មេងស្រីជនជាតិឥណ្ឌាម្នាក់មានសក់វែងជាងគេលើពិភពលោក បានបំបែកកំណត់ត្រាចំនួន២-ដង កាលពីនៅអាយុ១៦ឆ្នាំម្តង និងនៅអាយុ១៨ឆ្នាំម្តង។

ក្មេងស្រីមកពីរដ្ឋ Gujarat នៃប្រទេសឥណ្ឌាមានឈ្មោះថា Nilanshi Patel បានបំបែកកំណត់ត្រាពិភពលោកកាលពីឆ្នាំ ២០១៨ ក្នុងអាយុ ១៦ ឆ្នាំរបស់នាង ដែលមានសក់ពណ៌ត្នោតប្រវែង ១៧០.៥ សង់ទីម៉ែត្រ ហើយនាងត្រូវបានគេស្គាល់នៅពាសពេញពិភពលោកភ្លាមៗថា ជា Rapunzel ដ៏ពិតប្រាកដមួយ។

តែនៅក្នុងរយៈពេល​ពីរ​ឆ្នាំ​ក្រោយ​មក គឺនៅពេល​ដែលសក់របស់នាងបានទុកវា​អស់ពេល​២​ឆ្នាំ-បន្ត នៅចំ​ថ្ងៃ​ខួប​កំណើត​គម្រប់​១៨​ឆ្នាំ​របស់​នាង ក្មេងស្រីខាងលើបាន​សម្រេច​ចិត្ត​កាត់​វា​ចោល​តែម្តង។ ក្នុងខណៈពេលដែលសក់របស់ Nilanshi កាន់តែវែងជាងមុនរហូតដល់ប្រវែង ២០០ សង់ទីម៉ែត្រ ហើយក៏បានបំបែកកំណត់ត្រាជាលើកទីពីរ ដែលលើកនេះគេបាននិយាយថា  ក្មេងស្រីដែលមានសក់ដ៏វែងបំផុតលើយុវវ័យទាំងឡាយ មិនធ្លាប់មានកន្លងមក។

Nilanshi បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា “ជាច្រើនឆ្នាំមកនេះ សក់របស់ខ្ញុំគឺជាភ័ពសំណាងនៃសម្រស់”។ “វាបានផ្តល់ឲ្យខ្ញុំច្រើនណាស់ហើយ … ឥឡូវនេះដល់ពេលដែលខ្ញុំត្រូវផ្តល់ឲ្យវាវិញម្តងហើយ”។ បន្ទាប់ពីនាងបានកាត់សក់រួចរាល់ហើយ សក់របស់នាងត្រូវបានគេចងជាចង្កោមដែលមានទម្ងន់សរុប ២៦៦ក្រាម ហើយត្រូវបានបញ្ជូនពីឥណ្ឌាទៅកាន់អាមេរិក។ វាត្រូវបានគេតាំងបង្ហាញជាលើកដំបូងនៅសារមន្ទីរ Guinness World Records ហើយក្រោយមកវាត្រូវបានផ្ទេរទៅកាន់ Ripley’s Believe it or Not! ដែលជាសារមន្ទីររបស់ហូលីវូដ។

គួរបញ្ជាក់ថា នីឡាន់ស៊ី ក្នុងអាយុ ២០ឆ្នាំជានិស្សិតដ៏មមាញឹកម្នាក់ ដែលមានទេពកោសល្យនិងចំណង់ចំណូលចិត្តច្រើនយ៉ាង។ នាងជាកីឡាករជម្រើសជាតិផ្នែកវាយកូនបាល់លើតុ ហើយនាងចូលចិត្តលេងភ្លេងព្យាណូ និងអាម៉ូញ៉ូម។ ចំណង់​ចំណូល​ចិត្ត​ដ៏​ធំ​បំផុត​របស់​នាង​គឺការ ​​រាំ ​សម្ដែង និង​​បង្ហាញ​ម៉ូដជាដើម៕