សន្ដិសុខសង្គម

កំពុងរកចាប់មេតុងទីនប្រមូលលុយជិត១២ម៉ឺនដុល្លាររួចរត់គេចខ្លួន

ប៉ៃលិន៖សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់ដែលបានប្រមូលលុយជិត១២ម៉ឺនដុល្លារពីអាជីវករផ្សារព្រំជើងរួចរត់គេចខ្លួនបាត់។

ករណីឆបោកលុយពីកូនតុងទីនចំនួន២១នាក់ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានបណ្តឹង​ដាក់ចូលនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ជនរងគ្រោះបានឱ្យដឹងថា មេតុងទីនជាអាជីវករដូចគ្នាបានឆបោកលុយពីកូនតុងទីនចំនួន២១នាក់ សរុបជាទឹកប្រាក់ប្រមាណជិត១២ម៉ឺនដុល្លារ។ស្ត្រីមេតុងទីនឈ្មោះសួ ម៉ាឌីណា អាយុ២៨ឆ្នាំ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកលក់ដូរនៅផ្សារតាប៉ាច ហៅផ្សារព្រំជើង។

ជនរងគ្រោះជាកូនតុងទីនបានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសានេះថា ពេលឱកាសចូលឆ្នាំខ្មែរ ជនសង្ស័យបានប្រាប់កូនតុងទីន និងអ្នកជិតខាងថាទៅលេងស្រុកកំណើត៣-៤ថ្ងៃ។ប៉ុន្តែបាត់ដំណឹងឈឹងមិនឃើញវិលត្រឡប់មកវិញ ថែមទាំង messenger Facebook ទាក់ទងគ្នាលេងបានទាំងលេខទូរសព្ទក៏ទាក់ទងមិនបានទៀត ទើបដឹងថាមេតុងទីនបោកយកលុយហើយរត់គេចខ្លួនបាត់តែម្តង។

រហូតមកដល់ពេលនេះ រឿងឈ្មោះសួ ម៉ាឌីណា បោកលុយកូនតុងទីនជិត១២ម៉ឺនដុល្លារនោះមិនទាន់មានពន្លឺនៅឡើយ។ ចំណែកកម្លាំងនគរបាលកំពុងបន្តការស្រាវជ្រាវរកចាប់ខ្លួនដើម្បីយកមកអនុវត្តតាមច្បាប់៕ដោយ៖ព្រះអង្គខ្មៅ