អន្តរជាតិ

អ្នកកាសែតអ៊ុយក្រែនម្នាក់ត្រូវបានអ្នកបាញ់ស៊ីបរុស្ស៊ីបាញ់ស្លាប់ក្នុងទីក្រុងកំពង់ផែឃើសន

ពិតជាមិនគួរឲ្យជឿ អ្នកកាសែតអ៊ុយក្រែនម្នាក់នៅសប្តាហ៍នេះ ត្រូវបានអ្នកលបបាញ់ស៊ីបរុស្ស៊ី តម្រង់បាញ់ចំស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលធ្វើដំណើរយកព័ត៌មានក្នុងទីក្រុងកំពង់ផែឃើសនភាគខាងត្បូង។

បើតាមសេចក្តីរាយការណ៍ពីសហការីជនជាតិអ៊ីតាលីជាអ្នកអមដំណើរ និងដឹងហេតុការណ៍នេះបានឲ្យដឹងថា លោក Bogdan Bitik អ្នកកាសែតអ៊ុយក្រែន នៅពេលកំពុងបកស្រាយចុះយកព័ត៌មានឲ្យស្ថាប័ន La Repubblica ស្រាប់តែត្រូវបានអ្នកលបបាញ់កាំភ្លើងស៊ីបរុស្ស៊ីបាញ់ស្លាប់ភ្លាមៗគួរឲ្យតក់ស្លុត។ សហការី Corrado Zunino ជនជាតិអ៊ីតាលី បានរងរបួសចំស្មា កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្រុងឃើសន។ Zunino បាននិយាយថា “ខ្ញុំបានឮសំឡេងស្រែក ហើយខ្ញុំបានឃើញ Bogdan ដួលទៅលើដី”។ “មិត្តរបស់ខ្ញុំមិនបានផ្លាស់ទីបានទេ ហើយក៏មិនមានឆ្លើយនឹងខ្ញុំហៅដែរ ចំណែកខ្ញុំបានខំរត់រហូត ខ្ញុំពោរពេញដោយឈាម។ ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Kherson”។

លោក Sergiy Tomilenko ប្រធានសហភាពជាតិអ្នកកាសែតអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះគឺជា “ឧក្រិដ្ឋកម្មសង្គ្រាមថ្មីរបស់ជនជាតិរុស្ស៊ី” ខណៈដែលគាត់បានអំពាវនាវឱ្យក្រុម និងកាសែតអ៊ីតាលីដូចជា La Repubblica ផ្ទាល់ធ្វើបន្ថែមទៀត ដើម្បីការពារអ្នកកាសែតអ៊ុយក្រែន។ ចំពោះសាកសពBitik La Repubblica មិនទាន់អាច យកមកវិញបានទេ។ យោងតាមគណៈកម្មាធិការការពារអ្នកកាសែត យ៉ាងហោចណាស់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែត ១៥ នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយពេញលេញថ្ងៃដំបូង។ យ៉ាងណាមិញ រុស្ស៊ីបានបដិសេធមិនទទួលខុសត្រូវឡើយ។

គួរជម្រាបឡើងវិញថា កងកម្លាំងអ៊ុយក្រែនបានរំដោះតំបន់កំពង់ផែ Kherson ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីទីក្រុងនេះត្រូវបានកាន់កាប់នៅដើមសប្តាហ៍នៃសង្រ្គាម។ ចាប់តាំងពីពេលនោះមក កងកម្លាំងរុស្ស៊ីដែលបានដកថយនៅទូទាំងទន្លេ Dnipro បានទម្លាក់គ្រាប់បែកក្នុងតំបន់នេះ ជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំ កាំជ្រួច ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការលបបាញ់ប្រហារ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា