អន្តរជាតិ

 ស្លាប់៩នាក់ របួស៥នាក់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទូទំាងអ៊ុយក្រែននៅថ្ងៃសុក្រនេះ

មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និងរបួស៥នាក់ នៅក្នុងការវាយប្រហារថ្មីរបស់រុស្ស៊ីមកលើ​ទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវនៅថ្ងៃសុក្រសប្តាហ៍នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax Ukraine និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកត្រូវបានគេឮនៅក្នុងទីក្រុងអ៊ុយក្រែនជាច្រើន រួមមាន Kremenchuk និង Poltava នៅកណ្តាលអ៊ុយក្រែន ក៏ដូចជា Mykolaiv នៅភាគខាងត្បូង ទីក្រុង Dnipro និងរដ្ឋធានីគៀវផងដែរ។ វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីប្លុកផ្ទះល្វែងមួយក្នុងទីក្រុង Uman ជាទីក្រុងដែលមានមនុស្សចំនួន៨០០០០នាក់នៅតំបន់ Cherkasy ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ពោរពេញដោយអណ្តាតភ្លើងឆាបឆេះ និងផ្សែង។ ខ្សែ​វីដេអូ​បាន​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​អគារ​បាន​បាក់​ស្រុត​ដោយ​គំនរ​កម្ទេច​ថ្ម​នៅ​លើ​ដី។ អភិបាលខេត្ត Cherkasy លោក Ihor Taburets បាននិយាយថា សេវាសង្គ្រោះបន្ទាន់គឺនៅកន្លែងកើតហេតុ ហើយមនុស្ស ៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកស្លាប់មាន៩នាក់ ភាគច្រើនមកពីទីក្រុង Uman និង Dnipro។

ក្រុមមន្ត្រីទីក្រុងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបំផ្លាញកាំជ្រួចផ្លោងរុស្ស៊ីយ៉ាងហោចណាស់ ២១ដើម និងយន្តហោះគ្មានមនុស្សបើកចំនួន ២ គ្រឿង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា