អន្តរជាតិ

វេជ្ជបណ្ឌិតជំនាញព្រមានពីគ្រោះថ្នាក់នៃការ​រួមភេទ​តាម​មាត់​

ដោយ៖ សហការី

វេជ្ជបណ្ឌិតនៅអាម៉េរិក និង​​អង់គ្លេសបានព្រមានថា ការ​រួមភេទ​តាម​មាត់​បង្កឲ្យមានគ្រោះថ្នាក់ និងមានរោគ​​មហារីក​បំពង់ក។​

លោក វេជ្ជបណ្ឌិត Hisham Mehanna មកពីសាកលវិទ្យាល័យ Birmingham របស់ចក្រភពអង់គ្លេសបាននិយាយថា មនុស្សចំនួន ៧០ភាគរយ ក្នុងករណីជំងឺមហារីកបំពង់ក គឺបណ្តាលមកពីវីរុស papillomavirus របស់មនុស្ស (HPV) ដែលជាមេរោគធម្មតាមិនបង្កគ្រោះថ្នាក់ តែវាឆ្លងតាមការរួមភេទ ដែលអាចបង្កឲ្យមានជំងឺមហារីកជាច្រើនប្រភេទ។

លោក វេជ្ជបណ្ឌិត Mehanna បាននិយាយទៀតថា អ្នកដែលមានដៃគូរួមភេទតាមមាត់ច្រើននាក់ អាចមានហានិភ័យកម្រិតខ្ពស់ដល់ទៅប្រាំបួនដង ដែលអាចបង្កឲ្យមានជំងឺមហារីកបំពង់ក។ លោកវេជ្ជបណ្ឌិតបានសរសេរនៅលើ The Conversation ថា “នៅក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សនូវជំងឺមហារីកបំពង់កនៅតំបន់ខាងលិច ក្នុងកម្រិតមួយដែលគេហៅថា ជាជំងឺរាតត្បាត។

ជំងឺមហារីកបំពង់ក ត្រូវបានអ្នកជំនាញហៅថា អូរ៉ូហ្វារីអ៊ីនជែល ខេនស័រ (oropharyngeal cancer”)។ វាគឺជាប្រភេទមហារីកបំពង់កទូទៅ ដែលកកើតនៅក្នុង ថុនស៊ែលស៍ (tonsils) និងផ្នែកខាងក្រោយបំពង់ក។ លោក វេជ្ជបណ្ឌិតបានចាត់ទុកការឆ្លងមេរោគ HPV ជាហានិភ័យដែលធ្វើឲ្យជំងឺមានការវិវត្តទៅជាធ្ងន់ធ្ងរ។

អ្នក​ដែល​មាន​ដៃគូ​រួមភេទ​តាម​មាត់​ប្រាំមួយ​នាក់ ឬ​ច្រើន​ជាង​នេះ ​គឺ​មាន​សក្តានុពល​វិវត្តន៍​ទៅជា​មហារីក​បំពង់ក ៨,៥ ដង ​ជាង​អ្នក​ដែល​មិន​រួមភេទ​តាម​មាត់​។ មានករណីច្រើនជាង ៥០,០០០ ករណីនៃជំងឺមហារីក ឬ អូរ៉ូហ្វារីអ៊ីនជែល (oropharyngeal) ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងសហរដ្ឋអាម៉េរិកជារៀងរាល់ឆ្នាំ ដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនជាង ១០,០០០ នាក់ក្នុងមួយឆ្នាំៗ។ គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់សមាគមជំងឺមហារីកអាមេរិក ចំនួនករណីខាងលើកំពុងកើនឡើងរហូតដល់ ១.៣ ភាគរយចំពោះស្ត្រី និង ២.៨ ភាគរយចំពោះបុរស ដែលកើតមានក្នុងមួយឆ្នាំៗ៕