សន្ដិសុខសង្គម

លើកដែកផ្សារតូបប៉ះខ្សែភ្លើងតុងស្យុងខ្ពស់ឆក់ជាងម្នាក់រងរបួសធ្ងន់

បន្ទាយមានជ័យ៖បុរសជាងផ្សារម្នាក់បានលើកដែកប៉ះខ្សែភ្លើងតុងស្យុងខ្ពស់ បណ្តាលឱ្យឆក់រងរបួសធ្ងន់ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក បន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី២៧ ខែមេសា។

មន្ត្រីប៉ុស្តិ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រេម សារ៉ន អាយុ៣៦ឆ្នាំនៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។មុនកើតហេតុ ជនរងគ្រោះបានទៅផ្សារដែកធ្វើតូបលក់អីវ៉ាន់ឱ្យឈ្មោះ សារិក ចាន់ថា អាយុ២៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ការធ្វើតូបនៅជិតបង្គោលបណ្តាញខ្សែភ្លើងតុងស្យុងខ្ពស់ ។

ពេលនោះជាងផ្សារដែកបានឡើងលើដំបូលតូបហើយបានលើកដែកទៅប៉ះនឹងខ្សែភ្លើងធំបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ជាប់នៅលើដំបូលតែម្តង។អ្នកជិតខាងនិងសាច់ញាតិបានជួយ ដឹកយកទៅមន្ទីរពេទ្យស្រុកស្វាយចេកដើម្បីសង្រ្គោះបន្ទាន់៕ដោយ៖វិចិត្រ