អន្តរជាតិ

រុស្ស៊ីប្រកាសនិរទេសជនជាតិអ៊ុយក្រែនណាមិនទទួលសញ្ជាតិរុស្ស៊ីនៅតំបន់កាន់កាប់

រុស្សីប្រកាសនិរទេសជនជាតិអ៊ុយក្រែនចេញពីតំបន់កាន់កាប់ដូណេត និងលូហាន់ ប្រសិនបើគ្មានលិខិតឆ្លងដែន ឬសញ្ជាតិរបស់រុស្ស៊ីនោះទេ។

ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែមេសា ឆ្នាំ២០២៣ ដែលនឹងធ្វើឲ្យប្រជាជននៃទឹកដីកាន់កាប់បណ្តោះអាសន្នរបស់អ៊ុយក្រែន ដែលមិនទាន់ទទួលបានសញ្ជាតិរុស្ស៊ី ត្រូវបាននិរទេសចេញ។​ ក្រឹត្យរបស់ពូទីនចែងថា ពលរដ្ឋអ៊ុយក្រែនគ្រប់រូប ឬអ្នកកាន់លិខិតឆ្លងដែនដែលចេញដោយ “សាធារណរដ្ឋ” គ្រប់គ្រងដោយរុស្ស៊ី សាធារណរដ្ឋដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិត Luhansk មានន័យថាត្រូវតែក្លាយជាពលរដ្ឋរុស្ស៊ី។ អ្នកដែលនៅចាំយូរមិនព្រមមកទទួល នឹងត្រូវចាត់ទុកជាជនបរទេសចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ហើយអាចនឹងត្រូវបាននិរទេសចេញ។

កថាខណ្ឌដាច់ដោយឡែកនៃក្រឹត្យនេះ ក៏ឃើញមានទាក់ទងនឹងការនិរទេសជនដែលចោទប្រកាន់ថា បានគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ីផងដែរ។ អ្នកស្រុកនៃដែនដីកាន់កាប់បណ្តោះអាសន្នដែលតស៊ូមតិសម្រាប់ “ការផ្លាស់ប្តូរដោយបង្ខំនៃមូលដ្ឋានគ្រឹះនៃបទបញ្ជារដ្ឋធម្មនុញ្ញ” នៅក្នុងប្រទេសរុស្ស៊ី ការផ្តល់ហិរញ្ញប្បទានដល់ សកម្មភាពភេរវករនិងជ្រុលនិយម ឬចូលរួមក្នុងសកម្មភាព “គ្មានការអនុញ្ញាត” នឹងត្រូវនិរទេស និងហាមឃាត់មិនឱ្យចូលសហព័ន្ធរុស្ស៊ីឡើយ។ នាពេលកន្លងទៅ អ៊ុយក្រែនបានចោទរុស្ស៊ីពីបទ កៀរគប្រជាជនរបស់ខ្លួនដោយបង្ខំ និងបានប្តេជ្ញាយ៉ាងរឹងមាំថា នឹងវាយរំដោះយកមកវិញប្រជាជន រំដោះទឹកដីគ្រប់ម៉ែត្រក្រឡាទាំងអស់៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា