សន្ដិសុខសង្គម

នាំជនសង្ស័យ២នាក់ទៅតុលាការករណីប្រើកាំបិតប្លន់យកម៉ូតូនិងទូរសព្ទ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលស្រុកព្រៃនប់បានស្រាវជ្រាវ ចាប់ជនសង្ស័យ២នាក់ករណីប្រើកាំបិតប្លន់យកម៉ូតូនិងទូរសព្ទ នឹងនាំខ្លួនទៅតុលាការចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កម្លាំងជំនាញបានចាប់ជនសង្ស័យ២នាក់។ពួកគេបានប្រើកាំបិតប្លន់យកម៉ូតូនិងទូរសព្ទនៅត្រង់វិថីជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា។

មុនការចាប់ខ្លួន ជនសង្ស័យ២នាក់បានហៅផាស្អេបជិះចេញពីឃ្លាំងលើក្រុងព្រះសីហនុ។មកដល់ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ដែលជាកន្លែងស្ងាត់ ក៏ច្របាច់កអ្នកបើកផាស្អេបហើយប្រើកាំបិតចុងស្រួចភ្ជង់ប្លន់យកទូរសព្ទ១គ្រឿង។ជនរងគ្រោះឈ្មោះ ខុម សុវណ្ណារ៉ា អាយុ២៩ឆ្នាំ នៅក្រុងព្រះសីហនុ។បន្ទាប់មកពួកគេទាំង២នាក់បានរត់ចូលក្នុងចម្ការមួយនៅជិតនោះរួចបានប្រើកាំបិតចុងស្រួចភ្ជង់ប្លន់យកម៉ូតូ១គ្រឿងពីអ្នកចម្ការឈ្មោះគង់ ណន អាយុ៥៩ឆ្នាំ។ពេលប្លន់យកម៉ូតូរួចក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន។

នៅថ្ងៃទី២៧ ខែមេសា ត្រូវនគរបាលចាប់ខ្លួនបានទាំង២នាក់។ជនសង្ស័យឈ្មោះ ហ៊ុន សកល និងឈ្មោះ ហ៊ុន ឆាយយ៉ា ជាមួយវត្ថុតាងទូរសព្ទ២គ្រឿង-ម៉ូតូ១គ្រឿងនិងកាំបិតចុងស្រួច១។ក្រោយមកផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ដោយ៖វិចិត្រ