អន្តរជាតិ

ណាតូសរុបទិន្នន័យបញ្ជូនរថពាសដែកចំនួន ១.៥៥០ គ្រឿង និងរថក្រោះ ២៣០ គ្រឿងដល់អ៊ុយក្រែន

អង្គការណាតូ សរុបទិន្នន័យបរិក្ខារប្រយុទ្ធដែលបានបញ្ជូនដល់អ៊ុយក្រែនត្រៀមវាយ​​​ ផ្តាច់រុស្ស៊ី ក្នុងនោះរួមមានរថពាសដែកជាង១៥០០គ្រឿង រថក្រោះជាង២០០គ្រឿង។

មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សមាជិកអង្គការណាតូ និងដៃគូរបស់ខ្លួន បានផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកចំនួន ១៥៥០ គ្រឿង និងរថក្រោះចំនួន ២៣០ គ្រឿង។ “សរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩ របស់អ៊ុយក្រែន។ នេះ​នឹង​ធ្វើ​ឲ្យ​អ៊ុយក្រែន​ស្ថិត​ក្នុង​ជំហរ​រឹងមាំ​ដើម្បី​បន្ត​រំដោះយក​ទឹកដី​ដែល​បាន​កាន់កាប់​ឡើង​វិញ”។

ប្រទេសសមាជិកណាតូក៏បានផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះ និងកាំភ្លើងធំផងដែរ ហើយប៉ូឡូញ និងសាធារណរដ្ឋឆេកបានផ្តល់យន្តហោះ MiG-29 ដែលផលិតដោយសហភាពសូវៀតដល់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ លោក Stoltenberg បានព្រមានថា “យើងមិនគួរមើលស្រាលរុស្ស៊ីឡើយ” ហើយបាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងប្រទេសលីទុយអានី នឹងរៀបចំផែនការសម្រាប់ “កម្មវិធីជំនួយច្រើនឆ្នាំ” សម្រាប់អ៊ុយក្រែនបន្ថែមទៀត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា