សន្ដិសុខសង្គម

ចេញទូកនេសាទត្រីនៅសមុទ្រត្រូវរន្ទះបាញ់ស្លាប់កូន ឪពុករងរបួស

ខេត្តព្រះសីហនុ៖ពេលមេឃកំពុងធ្លាក់ភ្លៀង ឪពុកនិងកូនប្រុសបានចេញទូកនេសាទត្រីនៅសមុទ្រ ត្រូវរន្ទះបាញ់កូនធ្លាក់ទឹកស្លាប់ ចំណែកឪពុកបានរងរបួស។គ្រោះធម្មជាតិនេះបានកើតឡើងនៅម្តុំមុខកោះខ្យង ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ មេសា។

មន្ត្រីមូលដ្ឋានឱ្យដឹងថា បុរសម្នាក់ត្រូវរន្ទះបាញ់លើទូកនេសាទរួចធ្លាក់ទឹកបាត់ខ្លួន ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋបានជួយស្វែងរកសាកសពឃើញ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះដែលស្លាប់ឈ្មោះ បេន ខាវ អាយុ២១ឆ្នាំ ជាអ្នកនេសាទ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកឪពុករងរបួសឈ្មោះ ផេន បេន អាយុ៥៤ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ រូបគាត់និងកូនបានចេញទៅនេសាទនៅមុខកោះខ្យង។

ពេលនោះមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ស្រាប់តែមានរន្ទះបាញ់ចំទូកបណ្តាលឱ្យកូននិងរូបគាត់ធ្លាក់ទឹក ហើយគាត់បានស្រវាឡើងលើទូកវិញ។ប៉ុន្តែបាត់កូនមិនឃើញ និងក្រោយមកទើបរកឃើញសាកសពអណ្ដែតទឹកនៅជិតច្រកព្រែកកោះខ្យង។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សពក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ