កីឡា

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបានមកដល់ខេត្តកំពង់ចាមហើយកំពុងបន្តទៅខេត្តកណ្តាល

ដោយ៖ គង់ហេង

កំពង់ចាម៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា បានហែឆ្លងកាត់ខេត្តចំនួន បី គឺនៅរសៀលថ្ងៃទី ២៨ មេសា បានចូលមកដល់ទឹកដីខេត្តកំពង់ចាម ក្រោមសម្រែកទទួលអបអរសាទរយ៉ាងកងរំពងរយៈពេលប្រមាណជាង៣០នាទី មុននឹងបន្តដំណើរឆ្ពោះទៅខេត្តកណ្តាល។

ក្នុងពិធីជាប្រវត្តិសាស្រ្ត និងមានជាង ៦០ ឆ្នាំម្តងនេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំទទួលគណៈប្រតិភូព្រះអគ្គិជ័យកីឡា នៅវិមានឯករាជ្យខេត្តកំពង់ចាម ដោយមានការដឹកនាំទទួលស្វាគមន៍ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី មន្រ្តីរាជការ លោកគ្រូអ្នកសិស្សានុសិស្ស ប្រជាពលរដ្ឋអញ្ជើញមកពីសង្កាត់ទាំងបួន របស់ក្រុងកំពង់ចាម ញ៉ាំងឱ្យពិធីមានភាពគគ្រឹកគគ្រេង សប្បាយរីករាយ។

បន្ទាប់ពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបានចាប់កាន់ភ្លើងគប់ព្រះអគ្គិជ័យកីឡា លើកឡើងលើសម្រែកអបអរសាទរលន់ឮយ៉ាងកងរំពងមានដូចជាៈ អរគុណ! សន្តិភាព ,ជយោ! ព្រះរាជាណាចក្រកម្ពុជា, ជយោ! ព្រះរាជាអច្ឆរិយក…ជាដើម។

ក្រោយពីពិធីទទួលស្វាគមន៍ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡានៅម៉ាងប្រមាណជាង ២ រសៀលក្បួននេះបានបន្តដំណើរ នាំមុខដោយក្បួនម៉ូតូធំ ក្រុមកីឡាជិះកង់ និងរថយន្តក្រុមឆៃយ៉ាំ នៅលើផ្លូវជាតិលេខ៧ ស្រុកកំពង់សៀម ស្រុកព្រៃឈរ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីបន្តដំណើរទៅកាន់ខេត្តកណ្តាល និងរាជធានីភ្នំពេញ៕