ដោយៈសិរីមតី
ភ្នំពេញ៖ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកនាថ្ងៃទី២៦ខែមេសា ផលិតផលខ្មែរ ៧មុខ ត្រូវបានក្រសួងពាណិជ្ជកម្មសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព។
អំបិលកំពតកែប ទឹកត្រីកំពតកែប បង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ខណៈដូងខ្ទិះបាត់ដំបង នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពីរ និងអំបុកកំពង់ធំ ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាក សមូហភាព ដល់ផលិតផលទាំងនេះ គឺជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរ នៅក្នុងទីផ្សារក្នុងស្រុក និងនាំចេញ។
លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថាការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព នឹងជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ ដែលទើបទទួលបានការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាឱ្យបានទូលំទូលាយ និងលើកទឹកចិត្តដល់កសិករ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទកៈ សម្រាប់ការអភិវឌ្ឍផលិតផល និងអាជីវកម្មរបស់ខ្លួន។
លោកបន្តថា ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាលភូមិសាស្ត្រទំនិញ ម៉ាកសមូហភាពនាពេលកន្លងមក បានធ្វើឱ្យផលិតផលកម្ពុជាជាច្រើន បានឈានចូលទៅក្នុងទីផ្សារបរទេស និងមានឈ្មោះល្បីជាខ្លាំង ដូចជាម្រេចកំពត គុយទាវភ្នំពេញ និងស្ករត្នោតកំពង់ស្ពឺ។ ផលិតផលទាំងនេះ មិនត្រឹមតែទទួលបានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាផលិតផលដែលរួមចំណែកផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍របស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ប្រវត្តិសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕