កីឡា

Arsenal ប្រហែលជាបាត់បង់ឱកាសក្នុងការឈ្នះជើងឯក Premier League នៅរដូវកាលនេះ ក្រោយចាញ់ Man city 4-1

ដោយ៖ Rith Kongkea

Manchester City បានបង្អាក់ដំណើររបស់កាំភ្លើងធំ Arsenal ក្នុងការក្លាយជាជើងឯក Premier League ក្រោយខកខានឈ្នះជិត២០ឆ្នាំមកហើយ ក្រោយពីលត់ក្រុមលោក Mikel Arteta យ៉ាងចាស់ដៃក្នុងលទ្ធផល 4ទល់1 កាលពីថ្ងៃពុធ ។

តំណែងកំពូលតារាងកំពុងតែឡើងកម្ដៅ បន្ទាប់ពី Arsenal ខកខានឈ្នះ៤ប្រកួតចុងក្រោយ ធ្វើឲ្យពួកគេបាត់បង់ដល់ទៅ១២ពិន្ទុ ជាហេតុធ្វើឲ្យក្រុមការពារតំណែងជើងឯក Man City កំពុងតាមពីក្រោយយ៉ាងប្រកៀក ខណៈពួកគេនៅសល់ពីរប្រកួតក្នុងដៃទៀត នេះបើសិនជាមេឃខៀវអាចឈ្នះទាំងពីរប្រកួតដែលនៅសេសសល់ នោះពួកគេនឹងឡើងឈរកំពូលតារាងវិញ ។

ខ្សែបម្រើជម្រើសជាតិប៊ែលហ្ស៊ិក Kevin De Bruyne ស៊ុតបើកឆាកនៅដើមតង់ ១គ្រាប់នៅនាទីទី៧ ស្របពេលខ្សែការពារ Jonh Stone តែតបន្ថែមមួយគ្រាប់ទៀតនៅចុងវគ្គទី១ ។  ខ្សែប្រយុទ្ធឆ្នើម Erling Haaland នៅតែជាម៉ាស៊ីនរកគ្រាប់បាល់ឲ្យមេឃខៀវ Man City ខណៈរូបគេរកបាន២គ្រាប់បន្ថែមទៀត ចំណែក Arsenal រកបានតែមួយគ្រាប់គត់ពីសំណាក់កីឡាករ Holding នៅនាទី86 ចប់ការប្រកួត Man City យកឈ្នះ Arsenal ៤-១។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្លិបកាំភ្លើងធំ Arsenal ឈរលើកំពូលតារាង Premier League បណ្ដោះអាសន្នក្រោយឆ្លងកាត់ 33 ប្រកួតកន្លងទៅមាន ៧៥ពិន្ទុ តាមពីក្រោយក្រុមការពារតំណែងជើងឯក Manchester City មាន៧៣ពិន្ទុ ប៉ុន្តែពួកគេទើបលេងបាន៣១ប្រកួតប៉ុណ្ណោះ ៕