អន្តរជាតិ

អាម៉េរិក៖អ៊ុយក្រែន​នឹង​ទទួល​បាន​អាវុធ​បន្ថែម​ទៀត​ក្នុង​ពេល​វេលា​សម្រាប់​ការ​វាយលុកផ្តាច់

សហរដ្ឋអាម៉េរិកនិយាយថា អ៊ុយក្រែននឹងទទួលបានអាវុធបន្ថែមទៀតនាពេលដ៏ឆាប់ខាងមុខនេះសម្រាប់ប្រតិបត្តិការ​វាយផ្តាច់រំដោះប្រឆាំងរុស្ស៊ី។

ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាម៉េរិកនៅអឺរ៉ុប លោក Christopher Cavoli បានមានប្រសាសន៍ថា យោធាអ៊ុយក្រែននឹងទទួលបានសព្វាវុធដែលខ្លួនត្រូវការទាន់ពេលសម្រាប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនាពេលខាងមុខ។ លោក Cavoli បានប្រាប់សវនាការនៅគណៈកម្មាធិការសភាអាម៉េរិកស្តីពីសេវាកម្មប្រដាប់អាវុធថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង យើងបានប្រគល់សម្ភារដែលពួកគេត្រូវការ ហើយយើងនឹងបន្តបង្ហូរអាវុធទាំងនោះទៅទៀត ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ពួកគេបានសម្រេច”។

មិនមានការបញ្ជាក់ ឬបែកធ្លាយពីពេលវេលាជាក់លាក់នៃថ្ងៃបើករំដោះពីខាងអ៊ុយក្រែននោះទេ ។ តែបើតាមលោក Yevgeny Prigozhin ជាប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានឲ្យដឹងថា អ៊ុយក្រែនពិតជាបាននិងកំពុងរៀបចំប្រតិបត្តិការវាយបកផ្តាច់ “ជៀសមិនរួចមែន” ។ នៅក្នុងសារជាសំឡេងដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់គាត់ Prigozhin បាននិយាយថា កងទ័ពរបស់គាត់នៅតែមិនទទួលបានការដឹកជញ្ជូនគ្រាប់រំសេវដែលត្រូវការច្រើនពីក្រសួងការពារជាតិរបស់រុស្ស៊ី ហើយបានទទួលរងនូវការខូចខាតច្រើនជាងចំនួនប្រាំដងនៃលទ្ធផល៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា