សន្ដិសុខសង្គម

អយ្យការចោទប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជាសារ៉ននិងបក្ខពួកពីបទឆបោក

កំពត៖ អយ្យការអមសាលាដំបូងខេត្តកំពត បានចោទប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងបក្ខពួក៨នាក់ទៀតពីបទឆរបោក រួចប្រគល់ជូនចៅក្រមស៊ើបសួរដំណើរការបន្ត ក្រោយសមត្ថកិច្ច​នៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនដល់តុលាការកាលព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ប្រភពពីសាលាដំបូងខេត្តកំពតបានប្រាប់ឱ្យដឹងថា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រោយពិនិត្យសំណុំរឿងយ៉ាងល្អិតល្អន់របស់ក្រុមជនសង្ស័យគឺលោកឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ តំណាងអយ្យការបានចោទប្រកាន់បុគ្គលទាំង៩រូបពីបទឆបោក រួចបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីដំណើរការបន្ត។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបាននាំខ្លួនលោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់មកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋស្ដីពីករណីឆបោកដែលមានទំហំទឹកប្រាក់ជិត៤០លានដុល្លារ។ ក្រោយបំពេញសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសា សមត្ថកិច្ចក៏បានបញ្ជូនក្រុមជនសង្ស័យទាំង៩នាក់ទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ខណ:ដែលប្រជាពលរដ្ឋនៅតែបន្តមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋានដោយចោទក្រុមជនសង្ស័យពីបទឆបោក។

សូមបញ្ជាក់ថា គិតពីថ្ងៃទី២៣រហូតដល់ល្ងាចថ្ងៃទី២៦ ខែមេសា ស្នងការដ្ឋាននគរបាលខេត្តកំពតបានទទួល​ពាក្យបណ្ដឹងបន្ថែមពីប្រជាពលរដ្ឋអំពីករណីឆបោករបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជា សារ៉ន ចំនួន២.៣៧២នាក់៕ ដោយ៖កំចាយ