អន្តរជាតិ

ស្លូវេនីបញ្ជូនរថពាសដែក Valuk ២០ គ្រឿងទៅអ៊ុយក្រែនដោយសម្ងាត់

ប្រទេសស្លូវេនី ត្រូវបានគេរាយការណ៍ថាបានលួចបញ្ជូនរថពាសដែក Valuk ២០ គ្រឿងទៅកាន់អ៊ុយក្រែនដោយសម្ងាត់។

បើតាមសេចក្តីរាយការណ៍ដោយ Slovenian 24UR ការដឹកជញ្ជូនទៅកាន់អ៊ុយក្រែននឹងត្រូវបានបញ្ចប់ក្នុងសប្តាហ៍នេះដោយសម្ងាត់ទាំងស្រុង។ ប្រតិបត្តិការ​នេះបានចំណាយ​ពេល​ជា​ច្រើន​ខែមកហើយ រថពាសដែក២០គ្រឿងត្រូវបានដឹកជញ្ជូនដោយយន្តហោះ C-17 ទៅកាន់ប្រទេសជិតខាងមួយ។

Slovenian Valuk APCs ត្រូវបានបំពាក់ដោយឧបករណ៍បាញ់គ្រាប់បែកស្វ័យប្រវត្តិ ៤០ មិលី្លម៉ែត្រ ឬកាំភ្លើងយន្ត ១២.៧ មិលី្លម៉ែត្រ។ ពួកវាត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនថ្មើរជើង និងការពារពួកគេពីមីនប្រឆាំងមនុស្ស និងអាវុធថ្មើរជើងរហូតដល់ ១២.៧មិលី្លម៉ែត្រ។ APC អាចធ្វើដំណើរបានប្រហែល ៦០០ គីឡូម៉ែត្រ ខណៈអាចជិះបាន២០០ ទៅ ៣០០ គីឡូម៉ែត្រសម្រាប់ផ្លូវ off-road ឬផ្លូវជង្ហុក ភក់ចេញពីផ្លូវជាតិ។ វាមានអង្គភាពចំនួន ៨៥ នៅក្នុងកងទ័ពស្លូវេនី ហើយវាបានបម្រើការអស់រយៈពេល ២៤ ឆ្នាំមកហើយ។

ដូចដែលបានរាយការណ៍ពីមុន ស្លូវេនីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារការពារអឺរ៉ុប (EDA) ដើម្បីចូលរួមគម្រោងមួយសម្រាប់ការទិញរួមគ្នានៃគ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែន៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា