សន្ដិសុខសង្គម

សមត្ថកិច្ចនឹងបញ្ជូនចិន២នាក់ជាមួយគ្រឿងញៀនជាង៣គីឡូទៅតុលាការ

ភំ្នពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក.១ កាលពីថ្ងៃទី២៤ ខែមេសា បានចាប់ជនសង្ស័យជាតិចិន២នាក់ ជាមួយគ្រឿងញៀនជាង៣គីឡូក្រាម នឹងបញ្ជូនទៅតុលាការ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងជំនាញក.១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយនគរបាលភ្នំពេញ និងនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីតំណាងតុលាការរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់នៅ២គោលដៅផ្សេងគ្នា។

គោលដៅទី១-នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌំការមន និងទី២-នៅខុនដូស្តាបេ សង្កាត់លេខ១ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាតិចិន២នាក់ រឹបអូសវត្ថុតាងសារធាតុញៀនជាង៣គីឡូក្រាម។ជនសង្ស័យឈ្មោះ ១-Wang Xiao Feng អាយុ២៧ឆ្នាំ និងឈ្មោះ-He Jin Hao អាយុ៣៣ឆ្នាំ។

សមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀនច្រើនប្រភេទទម្ងន់សរុបចំនួន៣គីឡូ៦១២ក្រាម។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការរាជធានីភំ្នពេញដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ