អន្តរជាតិ

វិមានក្រឹមឡាំងច្រានចោលពាក្យចចាមអារ៉ាម ថាពូទីនមានរាងកាយច្រើន

វិមានក្រឹមឡាំងចេញមុខច្រានចោលយ៉ាងដាច់ណាត់នូវពាក្យចចាមអារ៉ាមដែលថាលោកប្រធានាធិបតីវ្ល៉ា ឌឹមៀរពូទីនមានរាងកាយច្រើន ហើយរាងកាយពិតគឺតែងតែស្ថិតនៅក្នុងលេណដ្ឋាន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅឯសន្និសីទទីក្រុងមូស្គូថ្ងៃពុធទី ២៦ ខែមេសា ក្នុងលក្ខណៈដូចជាអស់សំណើចទៅកាន់ពាក្យចចាមអារ៉ាមនេះ។ Peskovថា  “អ្នកប្រហែលជាធ្លាប់ឮថាពូទីនមានរូបរាងកាយច្រើន  ដូចៗ​គ្នា ជួយធ្វើការជំនួសគាត់ ហើយរហូតអាចជំនួសដៃជើង ធ្វើឲ្យពូទីនពិតប្រាកដអាចចំណាយពេលតែក្នុងលេណដ្ឋានការពារគ្រាប់បែក”។ “អ្នកអាចមើលឃើញដោយខ្លួនឯង មិនចាំខ្ញុំនិយាយឡើយ ប្រធានាធិបតីរបស់យើងមានលក្ខណៈបែបណា ការពិតគាត់តែងតែជាគាត់ ហើយឥឡូវនេះគាត់ក៏សកម្មខ្លាំងទៀត – អ្នកដែលធ្វើការនៅក្បែរគាត់ស្ទើរតែមិនអាចតាមគាត់ទាន់បានទេ”។ មន្រ្តីរូបនេះបន្ថែមថា “ជាការពិតណាស់ គាត់មិនអង្គុយនៅក្នុងលេនដ្ឋានណាមួយឡើយ។ នេះ​ក៏​ជា​ការ​កុហក​ទាំងស្រុង”។

ចាប់តាំងពីមានការឈ្លានពានទៅលើអ៊ុយក្រែនមក វិមានក្រឹមឡាំងត្រូវបានគេចោទប្រកាន់ម្តងហើយម្តងទៀត​ពីការលាក់បំបិទព័ត៌មានអំពីសុខភាពរបស់ប្រធានាធិបតីរុស្ស៊ីពូទីនវ័យ៧០ឆ្នាំ។ ការអះអាងពីលោកខាងលិចនិយាយថា ពូទីនមានជំងឺមហារីក និងទទួលការថែទាំងពីវេជ្ជបណ្ឌិតពិសេសជាទៀងទាត់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា