អន្តរជាតិ

រុស្ស៊ីរៀបចំលេណដ្ឋានការពារគ្រាប់បែកនៅគ្រីមៀរ​ត្រៀមទុកការវាយប្រហាររបស់អ៊ុយក្រែន

រុស្ស៊ីរៀបចំលេណដ្ឋានការពារគ្រាប់បែកនៅក្នុងឧបទ្វីបគ្រីមៀរ បន្ទាប់ពីមានដំណឹងថា អ៊ុយក្រែននឹងបើកប្រតិបត្តិការវាយរំដោះទ្រង់ទ្រាយធំផ្តាច់នាពេលខាងមុខ។

យោងតាមប្រភពមជ្ឈមណ្ឌលតស៊ូជាតិអ៊ុយក្រែនបានឲ្យដឹងថា អ្នកស្រុកបានរាយការណ៍ពី​សកម្មភាពរបស់រុស្ស៊ីក្នុងការកសាងលេណដ្ឋានការពារគ្រាប់នៅក្នុងទីក្រុង Alupka ឧបទ្វីបគ្រីមៀរ។ អ្នកស្រុកប្រាប់ថា​ឃើញមានកម្លាំងយោធារុស្ស៊ីហាក់មមាញឹក និងដូចជាមានឃើញនូវយន្តហោះគ្មានមនុស្សបើកផងដែរ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងពីចំនួនពិតប្រាកដនៃលេណដ្ឋានទាំងនោះឲ្យច្បាស់លាស់ឡើយ។

ដំណឹងនេះមិនទាន់មានប្រភពឯករាជ្យផ្ទៀងផ្ទាត់នោះទេ តែវាបានលេចឡើងចំពេលដែលអ៊ុយក្រែននិយាយថា ពួកគេនឹងបើកការវាយផ្តាច់លើរុស្ស៊ីឲ្យដល់តំបន់គ្រីមៀរនាពេលឆាប់ៗនេះ។ សូម្បីតែមេទាហានស៊ីឈ្នួលរុស្ស៊ីក៏បានធ្វើការវាយតម្លៃផងដែរថា អ៊ុយក្រែននឹងបើកការវាយផ្តាច់នាពេលខាងមុខ ព្រោះបច្ចុប្បន្នអ៊ុយក្រែននៅមានស្ទះឧបសគ្គខ្លះៗដូចជាភូមិសាស្រ្តវាលប្រយុទ្ធមិនអំណោយផល និងអាវុធប្រមូលផ្តុំមិនទាន់គ្រប់៕

ប្រភព៖ Ukrianska Pravda

ប្រភពរូប៖ Ukrianska Pravda
ប្រែសម្រួល៖សុខ តុលា