សន្ដិសុខសង្គម

រថយន្តទំនើបបើកបុកគោយន្តកន្ត្រៃចំពីក្រោយបណ្តាលឱ្យរបួសធ្ងន់៥នាក់

បាត់ដំបង៖ រថយន្តទំនើបមួយគ្រឿងបានបើកយ៉ាងលឿន ជ្រុលបុកជាមួយគោយន្តកន្ត្រៃ​ចំពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសមនុស្សធ្ងន់ចំនួន៥នាក់។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងរវាងរថយន្តជាមួយនឹងគោយន្តកន្ត្រៃកាលពីយប់ថ្ងៃទី២៦ ខែមេសា នៅលើផ្លូវហាយវេ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ប្រភពព័ត៌មានបានឱ្យដឹងថា  មុនកើតហេតុគេឃើញគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក និងមានអ្នករួមដំណើរ ៤នាក់ទៀត។

គោយន្តបើកពីលិចទៅកើតមកដល់កន្លែងខាងលើស្រាប់តែមានរថយន្តម៉ាក TOYOTA HILUX ផ្លាកលេខ បាត់ដំបង2B-4636 បើកស្របគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកគោយន្តពីក្រោយប៉ើងចូលតូបលក់ផ្លែឈើបណ្តាលឱ្យរងរបួស៥នាក់។ចំណែកមធ្យោបាយទាំងពីរខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះជួយអន្តរាគមន៍បញ្ជូនជនរងរបួសទៅមន្ទីរពេទ្យ ។រីឯរថយន្តនិងគោយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕ដោយ: ព្រះអង្គខ្មៅ