សន្ដិសុខសង្គម

រថយន្តដឹកខ្សាច់បុកម៉ូតូរួចកិនអូសជាច្រើនម៉ែត្រធ្វើឱ្យស្ត្រីអ៊ិស្លាមម្នាក់ស្លាប់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់រវាងរថយន្តដឹកខ្សាច់ បានបើកបុកម៉ូតូចំពីក្រោយពេញទំហឹង រួចកិនអូសជាច្រើនម៉ែត្របណ្តាលឱ្យក្មេងស្រីអ៊ិស្លាមម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ គេឃើញក្មេងស្រីអ៊ិស្លាមម្នាក់ជាអ្នកគិតលុយក្នុងម៉ាតមួយ បានជិះម៉ូតូស្កុបពីផ្លាកលេខភ្នំពេញ 1CG-0188 ចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ។

ពេលជិតដល់ផ្ទះស្រាប់តែមានរថយន្តធំដឹកខ្សាច់ ផ្លាកលេខភ្នំពេញ3A-6756 បានបើកមកបុកម៉ូតូ​ពីក្រោយរួចកិនទាំងមនុស្សនិងម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឱ្យជនរងគ្រោះស្លាប់ក្រោមរថយន្ត។ក្មេងស្រីបាត់បង់ជីវិតឈ្មោះ ស៊េ រ៉ា អាយុ២០ឆ្នាំ នៅសង្កាត់គីឡូម៉ែតលេខ៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ចំណែកអ្នកបើកបររថយន្តក្រោយបង្កហេតុបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តនៅទីនោះ៕ដោយ៖វិចិត្រ