អន្តរជាតិ

បុរសអាយុ១០១ឆ្នាំចង់បើកយន្តហោះចម្បាំង WWII ម្តងទៀតជាលើកចុងក្រោយ

ដោយ៖ សហការី

អតីតអ្នកបើយន្តហោះចម្បាំងដ៏អស្ចា្ររ្យម្នាក់ សល់ពីសម័យសង្គ្រាមលោកលើកទី២ មានអាយុ១០១ឆ្នាំទៅហើយ នៅតែចង់បើកយន្តហោះចម្បាំងរបស់គាត់ជាលើកចុងក្រោយម្តងទៀត។

អតីតយុទ្ធជននៅក្នុងសង្គ្រាមលោកលើកទី២ ដែលនៅរស់បានប្តេជ្ញារកថវិការសម្រាប់ស្ដារយន្តហោះ ទម្លាក់គ្រាប់បែកចាស់របស់គាត់ឡើងវិញ។ Wally Dalitz អាយុ ១០១ ឆ្នាំកំពុងខិតខំរៃអង្គាសប្រាក់ឲ្យបានចំនួន ១ លានដុល្លារ ដើម្បីស្ដារយន្តហោះយោធា Wirraway ចាស់របស់គាត់ឲ្យដំណើរការវិញ ដើម្បីហោះហើរលើមេឃនៅទីក្រុង Brisbane។

លោក Dalitz ជាអ្នកបើកយន្តហោះតែមួយគត់ដែលនៅរស់នៅឡើយ គាត់ជាអ្នកបញ្ជាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ WWII Beaufort នៅក្នុងការប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី២។ គម្រោងមួយនេះត្រូវបានប្រើពេលអស់ជាង ៤០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នក៏កំពុងរៀបចំឡើងនៅក្នុងឃ្លាំងមួយក្នុងតំបន់ Cabolture ភាគខាងជើងនៃទីក្រុង Brisbane។ គាត់រំពឹងទៅលើទឹកចិត្តសប្បុរសរបស់អ្នកដទៃ និងអ្នកស្ម័គ្រចិត្តបរិចាកមួយចំនួនដើម្បីយកថវិការមកបំពេញការងារមួយនេះ។

លោក Dalitz បានប្រាប់ A Current Affair Anzac ថា “ខ្ញុំចង់ហោះហើរវាម្តងទៀត”។ “វាគឺជាយន្តហោះដ៏ស្រស់ស្អាត ខ្ញុំចូលចិត្ត Beaufort” ។ ខ្ញុំមិនភ្លេចពីរបៀបហោះហើរនោះទេ ប្រសិនបើវាអាចហោះហើរ ខ្ញុំនឹងបង្ហោះវាម្តងទៀត។ បច្ចុប្បន្ននេះគម្រោងរបស់គាត់កំពុងស្ថិតនៅក្នុងដៃ Ralph Cussack ដែលមានការគាំទ្រពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្ត។

បុរសអាយុ១០១ឆ្នាំបានឲ្យដឹងទៀតថា ខ្ញុំបានឃើញការបញ្ចប់សង្រ្គាមនៅ Papua New Guinea។ ទីនោះគឺជាកន្លែងដែលគាត់បម្រើការងារកាលពីឆ្នាំ ១៩៤២ រហូតដល់ឆ្នាំ ១៩៤៥។ គាត់បានចុះឈ្មោះនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៤២ ហើយបន្ទាប់មកក៏បានក្លាយជាអនុសេនីយ នៃជើងហោះហើរនៅក្នុង Royal Australian Air Force មុនពេលដែលគាត់ត្រូវបានរំសាយចេញពីជួរ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩៤៨។ នៅក្នុងអំឡុងពេលដែលគាត់បានបំពេញបេសកកម្ម គាត់គឺជាគ្រូបង្វឹកផ្នែកហោះហើរយន្តហោះ RAAF រួមទាំងយន្តហោះយោធា Wirraway ផងដែរ។

លោកបានបញ្ជាក់ជាចុងក្រោយថា មានយន្តហោះទម្លាក់គ្រាប់បែកចំនួន ៧០០ គ្រឿង ដែលផលិតដោយកម្លាំងពលកម្មចំនួន ៣០,០០០ នាក់ ដែលក្នុងនោះជាង ១០,០០០ នាក់ ជាស្ត្រី។

យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Beaufort ជាយន្តហោះដ៏គួរឲ្យទុកចិត្តបំផុត ដែលគេបានប្រើនៅអំឡុងពេលសង្គ្រាម៕