សន្ដិសុខសង្គម

បញ្ជូនអភិបាលរងក្រុងបូកគោសង្ស័យករណីវាយប្រពន្ធឱ្យរបួសទៅតុលាការ

កំពត៖ព្រឹកថ្ងៃទី២៧ ខែមេសានេះ កម្លាំងនគរបាលខេត្តកំពតបានបញ្ជូនអភិបាលរងក្រុងបូកគោម្នាក់​ទៅតុលាការសង្ស័យករណីវាយប្រពន្ធឱ្យរបួស។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ កម្លាំងរបស់លោកបានបញ្ជូនលោក គឹម បញ្ញា ទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ដោយទទួលគោលការណ៍ពីលោកអភិបាលខេត្ត និងខាងតុលាការខេត្តកំពត សមត្ថកិច្ចបានឃាត់ខ្លួនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ក្រោមបទសង្ស័យវាយប្រពន្ធឱ្យរងរបួស។ ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយជនសង្ស័យចូលបំភ្លឺនៅនគរបាលក្រុងកំពតស្របតាមការកោះហៅរបស់សមត្ថកិច្ចព្រោះមានបណ្ដឹងពីស្ត្រីជាប្រពន្ធ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ស្រ្តីឈ្មោះម៉ាត់ លក្ខិណា បានបង្ហោះព័ត៌មានលើហ្វេសប៊ុកឈ្មោះ Ah leak មានខ្លឹមសារថា “នាងនិងស្វាមីឈ្មោះ គឹម បញ្ញា បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០១៩។ ការរួមរស់ជាមួយគ្នា នាងទទួលក្តីឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្តដោយរងនូវអំពើហិង្សាម្តងហើយម្តងទៀត។ លោកគឹម បញ្ញាក៏ធ្លាប់ធ្វើកិច្ចសន្យាថាឈប់ប្រើអំពើហិង្សាមកលើរូបនាងទៀតហើយ។

ប៉ុន្តែការវាយដំនៅតែកើតមានរហូតមកដល់ពេលនេះធ្វើឱ្យនាងឆ្អែតចំពោះទង្វើដែលគាត់បានប្រព្រឹត្ត និងអស់ការទ្រាំបន្តទៅទៀត។ សូមលោកពូអភិបាលខេត្តកំពតជ្រាប និងជួយរកយុតិ្តធម៌សម្រាប់នាងផង”៕ដោយ៖កំចាយ