សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាបុករថយន្តដឹកដីធ្វើផ្លូវកំពុងបត់ធ្វើឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ឧត្ដរមានជ័យ៖បុរស២នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុករថយន្តដឹកដីធ្វើផ្លូវរបស់មន្ទីសាធារណការខេត្ត​ឧត្ដរមានជ័យ បណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីរសៀលថ្ងៃទី ២៦ ខែមេសា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តនិងម៉ូតូបានធ្វើដំណើរស្របគ្នាពីកើតទៅលិច។មកដល់កន្លែងខាងលើស្រាប់តែរថយន្តដឹកដីផ្លាកលេខ3 A 66 76 ឧត្តរមានជ័យបានបត់។ ម៉ូតូបើកមកពីក្រោយក្នុងល្បឿនលឿនក៏បុករថយន្តពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

ចំណែកតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់។រីឯអ្នកស្លាប់ឈ្មោះ ញៀនជឿន អាយុ៦១ឆ្នាំ និងឈ្មោះ ម៉ៅវាសនា អាយុ៣២ ឆ្នាំរងរបួសធ្ងន់ដោយបាក់ភ្លៅខាងឆ្វេង។ទាំង២នាក់នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោក ឈាង ផល្លាង ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា  គ្រោះថ្នាក់ចរាចរនោះបង្កឡើងដោយសារខាងម៉ូតូបើកបរក្នុងល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹង បានបើកម៉ូតូមកបុករថយន្ត។ប៉ុន្តែទោះយ៉ាងណា ខាងមន្ទីរបានផ្តល់ជាថវិកាមួយចំនួនដើម្បីជួយចូលរួមធ្វើបុណ្យ៕ដោយ៖វិចិត្រ