សន្ដិសុខសង្គម

ជនសង្ស័យប្រើកាំភ្លើងបាញ់សម្លាប់អ្នកគ្រូបង្រៀនម្នាក់និងរងរបួស២នាក់

កំពត៖ជនសង្ស័យស្ថិតក្នុងឥទ្ធិពលគ្រឿងញៀន បានប្រើកាំភ្លើងវែងម៉ាកអាកាបាញ់សម្លាប់អ្នកគ្រូបង្រៀនម្នាក់ និងបង្កឱ្យរងរបួស២នាក់ទៀត រួចបាញ់ខ្លួនឯងតែមិនស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថា អំពើឃាតកម្មយ៉ាងសាហាវនេះបានកើតឡើងនៅជិតផ្សារតានី ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត កាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៧ ខែមេសា។ជនសង្ស័យឈ្មោះ ចែម អាយុប្រមាណ៣០ឆ្នាំ នៅភូមិឃុំខាងលើ ​បានប្រើកាំភ្លើងអាកាបាញ់សម្លាប់អ្នកគ្រូបង្រៀនម្នាក់ត្រូវជាបងប្អូនជីដូនមួយ និងមនុស្សក្នុងគ្រួសាររងរបួសធ្ងន់២នាក់ទៀត រួចបាញ់ខ្លួនឯងបណ្តាលឱ្យរងរបួស។

ក្នុងករណីនេះសមត្ថកិច្ចមិនទាន់បានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធការបាញ់ប្រហារនេះនៅឡើយទេ។ប៉ុន្តែប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ។ពេលនេះក៏បានយកកាំភ្លើងរបស់ឪពុកបង្កើតជាមន្រ្តីសាលាស្រុកអង្គរជ័យមកបាញ់សាច់ញាតិខ្លួនឯងឱ្យស្លាប់និងរងរបួស បែបនេះ។

ករណីនេះគេក៏មិនទាន់ដឹងថា កាំភ្លើងឪពុកជាមន្ត្រីសាលាស្រុកមានច្បាប់អនុញ្ញាតឬយ៉ាងណានោះទេ សមត្ថកិច្ចកំពុងបន្តនីតិវិធី។ចំណែកជនដៃដល់ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖កំចាយ