សន្ដិសុខសង្គម

ចាប់បានឈើជាង១៣ម៉ែត្រគុបនៅស្រុកសៀមបូក

ស្ទឹងត្រែង​៖ សមត្ថកិច្ចកងរាជអាវុធហត្ថ,បរិស្ថាននិងរដ្ឋបាលព្រៃឈើចុះបង្រ្កាបឈើខុសច្បាប់​បានជាង១៣ម៉ែត្រគុបនៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣។

មន្រ្តីចុះបង្រ្កាបបានប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនោះគឺដឹកនាំដោយលោកវរសេនីយ៍ឯកឣ៊ូ សុផារ៉ា ជំនួយការលោកឧត្តមសេនីយ៍ឯកហុង វិណុល មេបញ្ជាការរងកងរាជឣាវុធហត្ថលើផ្ទៃប្រទេសទទួល​ផែនព័ត៌មានសន្តិសុខសហការនិងចង្អុលបង្ហាញ។ដោយមានការសម្របសម្រួលនិតិវិធីពីលោកជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយមន្រ្តីក្នុងខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើក្នុងខេត្តនេះកាលពីថ្ងៃទី២៦-២៧ខែមេសាឆ្នាំ២០២៣ ជាលទ្ធផលក្រុមការងារដកហូតឈើខុសច្បាប់ចំនួន៦ទីតាំង។ក្នុងនោះ៥ទីតាំងជាអញ្ញាតជននិង១ទីតាំងជារបស់ឈ្មោះសែនឈឹម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរឡង់ឃុំអូរឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កម្លាំងសមត្ថកិច្ចចម្រុះដកហូតឈើសរុបចំនួន៤២៩សន្លឹក​ ៖ ១,ឈើក្ដាកកោះ ចំនួន១៦១សន្លឹកស្មើនឹង៥,៦៤០ម៉ែត្រគុប, ២,ឈើក្តារឈើទាលចំនួន១៦៨សន្លឹកស្មើ៤,៧០៤ម៉ែត្រគុប,៣,ឈើក្តាេដួងចែមចំនួន១០០សន្លឹកស្មើ២,៨០០ម៉ែត្រគុប។

សរុបឈើក្តារទាំងអស់ចំនួន៤២៩សន្លឹកស្មើ១៣,១៤៤ម៉ែត្រគុប។

ក្រោយពីបង្រ្កាបបានឈើទាំង៦ទីតាំង មន្រ្តីសមត្ថកិច្ចធ្វើការដឹកជញ្ជូនយកមកថែរក្សាទុកនៅប៉ុស្តិ៍​រដ្ឋបាលឃុំសៀមបូក​ជាបណ្តោះអាសន្នដើម្បីមានចំណាត់ការបន្តតាមនីតិវិធី៕

ដោយ៖សុខុម