សន្ដិសុខសង្គម

ក្មេងស្រី៤នាក់ចុះ​រាវ​លៀស​ក្នុង​អូរ​លង់ទឹកស្លាប់​២នាក់ សង្គ្រោះបាន​២នាក់

​ភ្នំពេញ​៖ក្មេងស្រី៤នាក់ជាបងប្អូនជីដូនមួយ នាំគ្នាចុះរាវលៀសក្នុងអូរបណ្តាលឱ្យលង់ទឹកស្លាប់២នាក់ ត្រូវបានជួយសង្គ្រោះទាន់ចំនួន២នាក់។ហេតុការណ៍​ដ៏សោកសង្រេងនេះ​ បង្ក​​ឲ្យមានការ​ភ្ញាក់ផ្អើល​នៅម្តុំអូរ​បាក់​អង្រុត ក្នុងភូមិ​សាក់​ប្រយុទ្ធ សង្កាត់​ស្នោ ខណ្ឌ​កំ​បូល កាលពីរសៀលថ្ងៃទី២៦ មេសា។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្មេង​ស្រី​រង​គ្រោះ​​បាត់បង់ជីវិត ឈ្មោះ​ដា វ​ណ្ណា អាយុ​១៣​ឆ្នាំនិងឈ្មោះ អឿ​ន ស្រី​ឡាន អាយុ​១៤​ឆ្នាំ។ពួកគេជាសិស្សនិងត្រូវជា​បងប្អូន​ជីដូនមួយ​នៅ​ភូមិ​ត្រពាំង​អា​រ័ក្ស សង្កាត់​ឳ​ឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

​ប្រភពដដែលបានបន្ត​ថា មុន​កើតហេតុក្មេង​ស្រី​ចំនួន​៤​នាក់ ដែល​ត្រូវជា​បងប្អូនជីដូនមួយ បាននាំគ្នា​​ទៅ​រាវ​លៀសជាមួយយាយរបស់ខ្លួន​នៅ​​អូរ​បាក់​អង្រុត។​ក្រោយមកលោកយាយ​ក៏បាន​ឡើង​ទៅផ្ទះ​មុន ​ចៅ​៤​នាក់នៅ​លេង​ទឹកហើយរាវលៀសបន្ត។ពេលនោះ​ក្មេង​ស្រី​ម្នាក់​បាន​ធ្លាក់​ជម្រាល​​ជ្រៅក៏​បាន​លង់​ទឹក​ ហើយក្មេង​ស្រី​៣​នាក់​ទៀត​ឃើញ​​បាន​នាំ​គ្នា​ទៅ​ជួយ​ចាប់ទាញ ស្រាប់តែ​លង់ទឹក​ទាំងអស់​គ្នា។ភ្លាម​ៗនោះ​ប្រជាពលរដ្ឋបានឃើញក៏​ទៅ​ជួយ​សង្គ្រោះ​បាន​២​នាក់​។

ចំណែកក្មេង​ស្រី​២​នាក់​ទៀតបាន​លិច​ទឹកអូរនោះបាត់ខ្លួនតែម្តង​។​បន្ទាប់ពីនោះអ្នកភូមិបាននាំ​គ្នាជួយ​រាវរក​ឃើញក្មេងស្រី២នាក់ តែពួកនាងបាន​ស្លាប់​បាត់​ទៅ​ហើយ៕ដោយ៖វិចិត្រ