សន្ដិសុខសង្គម

កម្លាំងជំនាញចុះស៊ើបអង្កេតក្រោយពីមានមនុស្ស២នាក់ស្លាប់ក្នុងព្រៃ

ស្ទឹងត្រែង​​​​​​​​​៖កម្លាំងនគរបាលជំនាញនិងគ្រូពេទ្យ បានចុះពិនិត្យ និងស៊ើបអង្កេតក្រោយពីមាន​មនុស្ស២នាក់បានស្លាប់ក្បែររោងប្រក់តង់មួយនៅក្នុងព្រៃ។

មន្រ្តីនគរបាលបានឱ្យដឹងថា ទីតាំងឃើញសពចម្ងាយពីភូមិប្រហែល២០គីឡូម៉ែត្រ នៅត្រង់ភ្នំដុងខួង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ ខែមេសា។អ្នកដែលប្រទះឃើញសពដំបូងគឺឈ្មោះ ផិត សុវ៉ាត់ អាយុ៤៧ឆ្នាំ ពេលចូលព្រៃរកកាប់ឈើធ្វើបង្គោលរបង។

សមត្ថកិច្ចបានពិនិត្យសាកសពបុរស២នាក់ទី១-ឈ្មោះ ផល្លី វណ្ណា អាយុ៣២ឆ្នាំ មានសភាពហើមក្លិនស្អុយ ស្នាមឆេះរោលនៅកំប៉េះគូទទាំងសងខាង ស្នាមបែកក្បាល ពាក់អាវយឺតដៃខ្លីពណ៌ក្រហម ស្លៀកខោខ្លីពណ៌ខៀវ និងឆេះជើងខោ។ទី២-ឈ្មោះ ឡុត ស៊ីសុក្រ អាយុ៣០ឆ្នាំសពមានសភាពហើមក្លិនស្អុយ ស្លាប់នៅលើដីក្បែរគោយន្ដពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ ស្លៀកខោលីអូពណ៌ប្រផេះ។មានស្នាមឆេះរោលខ្មៅនៅដើមទ្រូង-ផ្ទៃមុខ និងងាប់ឆ្កែ១ក្បាលក្រោមគោយន្ដ។

សពជាពលរដ្ឋរស់នៅភូមិឃុំខាងលើ មានទាំងសម្ភារប្រើប្រាស់ដូចជាគោយន្ដកន្រ្តៃ១គ្រឿង-ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង-តង់ប្រក់គោយន្ដ១-ប៊ីដុងមានសាំង១០លីត្រ១-ទូរសព្ទ១គ្រឿងនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។ តាមក្រុមជំនាញបានបញ្ជាក់ថា សាកសពទាំង២នាក់ខាងលើ និងឆ្កែ១ក្បាល អាចស្លាប់ដោយសាររន្ទះបាញ់។ក្រោយពិនិត្យរួច​ សមត្ថកិច្ចក៏បានប្រគល់សពទាំង២នាក់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖សុខុម