អន្តរជាតិ

កូនក្រមុំពិការភ្នែកម្នាក់មានឆ្កែនាំផ្លូវដ៏វៃឆ្លាតក្នុងពិធីមង្គលការ

ដោយ៖ សហការី

កូនក្រមុំពិការភ្នែកម្នាក់បានឆ្កែដ៏វៃឆ្លាតនាំផ្លូវក្នុងពិធីមង្គលការ តែត្រូវបានភ្ញៀវចូលរួមមិនពេញចិត្តទៅលើសត្វឆ្កែនេះទៅវិញ ដោយសារតែរោមរបស់វា។

ស្ត្រីពិការភ្នែកឈ្មោះ Angharad Paget-Jones និងកូនកំលោះរបស់នាងឈ្មោះ Stephen បានរៀបចំពិធីមង្គលការដ៏តូចមួយកាលពេលកន្លងទៅ។ អ្នកទាំងពីរបានអញ្ជើញភ្ញៀវចូលរួមចំនួន ៤០ នាក់ សម្រាប់ពិធីមង្គលការរបស់ពួកគេ។ ស្ត្រីអាយុ ២៩ ឆ្នាំរូបនេះបានប្រាប់ Jam Press ថា ភ្ញៀវដែលគាត់បានអញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការរបស់គាត់ គឺពួកគេមិនពេញចិត្តទៅលើឆ្កែរបស់គាត់នោះទេ។ ពួកគេបានឲ្យខ្ញុំយកឆ្កែដែលនាំផ្លូវខ្ញុំចេញ ព្រោះតែរោមរបស់វាធ្វើឲ្យរំខានដល់ពួកគេ។

លើសពីនេះភ្ញៀវទាំងនោះបានបង្ហាញការមិនពេញចិត្តរឿងផ្សេងបន្ថែមទៀត ពួកគេហាក់ដូចជាលើកឡើងនូវរឿងគ្រប់យ៉ាង តាំងពីកន្លែងមង្គលការរហូតដល់កន្លែងដាក់ផ្កាកុលាប គឺវាធ្វើឲ្យគាំងទាំងអស់ សូម្បីតែមុខម្ហូបក្នុងពិធី។ ប៉ុន្តែ​រឿង​ត្អូញត្អែរ​ដែលជាកង្វល់បំផុតនោះ​គឺ​សត្វ​ឆ្កែ​នាំ​ផ្លូវនេះតែម្តង។

Paget-Jones បានបង្ហោះនៅលើ Twitter ដោយនិយាយ​អំពី​ភ្ញៀវ​​របស់​នាងម្នាក់ នាងបានបង្ហោះហើយសរសេរថា នាង “ត្រូវបានគេហៅថា ‘bridezilla’ មូលហេតុដោយសារតែនាងមិនព្រមប្តូរមុខម៉ឺនុយ និងយកឆ្កែដ៏វៃឆ្លាតរបស់នាងចេញពីក្នុងពិធីអាពាហ៍ពិពាហ៍សម្រាប់​បំពេញចិត្តភ្ញៀវ”។ នាងបន្តថា “ប្រសិនបើពួកគេមានប្រតិកម្មអាឡែហ្ស៊ីនឹងម្ហូបនោះគឺជាការត្រឹមត្រូវ ខ្ញុំនឹងធានាឲ្យមានសុវត្ថិភាព ក៏ប៉ុន្តែចំពោះរឿងនេះពួកគេគ្រាន់តែមិនចូលចិត្តមុខម្ហូបទាំងនោះនិងឆ្កែរបស់ខ្ញុំប៉ុណ្ណោះ”។

Paget-Jones បានបង្ហោះអំពីការខកចិត្តរបស់នាងនៅលើវេទិកា ហើយក៏ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យនាងទទួលបានការគាំទ្រយ៉ាងច្រើននៅលើបណ្តាញ tweet ជាលើកដំបូងរបស់នាង ដែលមានអ្នកចូលមើលរហូតដល់ទៅ 13.8K views។ តែយ៉ាងណានាងបានបញ្ជាក់ថា ភ្ញៀវអាចមិនចូលរួមបាន តែនាងមិនអាចអត់សត្វឆ្កែដ៏ឆ្លាតរបស់នាងបានទេ។

បណ្តាអ្នកប្រើប្រាស់បណ្តាញ Twitter រាប់រយនាក់បានឆ្លើយតប ដើម្បីជាការលើកទឹកចិត្តដល់ Paget-Jones ហើយលើកទឹកចិត្តឲ្យនាងបន្តរៀបចំផែនការអាពាហ៍ពិពាហ៍ទៅតាមអ្វីដែលនាងចង់បាន និងចែករំលែករឿងរ៉ាវអាពាហ៍ពិពាហ៍របស់នាងដល់ពួកគេផង៕