អន្តរជាតិ

អាល្លឺម៉ង់រាយការណ៍នៅថ្ងៃពុធនេះថា​បានស្ទាក់ចាប់យន្តហោះរុស្ស៊ី៣គ្រឿងនៅសមុទ្របាល់ទិក

អាល្លឺម៉ង់រាយការណ៍នៅថ្ងៃពុធទី ២៦ នេះថា បានស្ទាក់ចាប់យន្តហោះចម្បាំងរុស្ស៊ី៣គ្រឿងនៅលើសមុទ្របាល់ទិក បន្ទាប់ពីយន្តហោះទាំងនេះហោះគ្មានការបង្ហាញសញ្ញាច្បាស់លាស់។

យោងតាមការចុះផ្សាយដោយរ៉យទ័រនៅថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣ កងកម្លាំងទ័ពអាកាសអាល្លឺម៉ង់បាននិយាយនៅលើ Twitter ថា កងកម្លាំងអាល្លឺម៉ង់ និងអង់គ្លេសត្រូវបានដាក់ពង្រាយរួមគ្នាដើម្បីកំណត់អត្តសញ្ញាណយន្តហោះចម្បាំង Sukhoi Su-27 ពីរគ្រឿង និងយន្តហោះ Ilyushin Il-20 រុស្ស៊ីមួយគ្រឿង។ យន្តហោះយោធារុស្ស៊ីចំនួន ៣ គ្រឿងដែលហោះហើរមកនេះ មិនមានសញ្ញាបញ្ជូននៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្របាល់ទិកទេ។ អាល្លឺម៉ង់និងអង់គ្លេសជាការឆ្លើយតបបានបញ្ជូនយន្តហោះចម្បាំង Eurofighter ដើម្បីកំណត់អត្តសញ្ញាណយន្តហោះចម្បាំង Sukhoi Su-27 ពីរគ្រឿង និងយន្តហោះ Ilyushin Il-20 មួយគ្រឿង។

យន្តហោះយោធារុស្ស៊ីតែងតែហោះហើរពីរុស្ស៊ីដីគោកទៅកាន់ Kaliningrad និងត្រឡប់មកវិញ មានន័យថាការជួបគ្នាបែបនេះគឺជារឿងធម្មតានៅក្នុងតំបន់។ អាល្លឺម៉ង់​បាន​ប្រគល់​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​បេសកកម្ម​ប៉ូលិស​ដែន​អាកាស​បាល់ទិក​របស់​ណាតូ​ទៅ​ឲ្យ​អង់គ្លេស​នៅ​ដើម​ខែ​នេះ។ សម្ព័ន្ធមិត្តរបស់អង្គការណាតូ បានដាក់ពង្រាយការពារលំហអាកាសនៅទីនោះ ព្រោះប្រទេសលីទុយអានី ឡាតវី និងអេស្តូនី មិនមានយន្តហោះចម្បាំងផ្ទាល់ខ្លួនទេ៕

ប្រភព៖ REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា