អន្តរជាតិ

អាម៉េរិកនិងហ្វីលីពីនធ្វើសមយុទ្ធបាញ់រ៉ុក្កែតក្បែរសមុទ្រចិនខាងត្បូង

សហរដ្ឋអាម៉េរិកនិងហ្វីលីពីន ធ្វើសមយុទ្ធបាញ់គ្រាប់រ៉ុក្កែតក្បែរសមុទ្រចិនខាងត្បូង បង្ហាញពីសម្ព័ន្ធភាព​រឹតបន្តឹងរវាងប្រទេសទាំងពីរ ចំពេលមានការអះអាងកាន់តែខ្លាំងឡើងពីប្រទេសចិន។

កងកម្លាំងសហរដ្ឋអាម៉េរិកនិងហ្វីលីពីន នៅថ្ងៃពុធទី ២៦ ខែមេសានេះ បានបាញ់គ្រាប់រ៉ុក្កែត​ចេញពីកប៉ាល់កងទ័ពជើងទឹកចូលនិវត្តន៍នៅជិតសមុទ្រចិនខាងត្បូង ដែលមានជម្លោះក្នុងសមយុទ្ធមួយ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ត្រូវបានគេមើលឃើញថាបានពាក់អាវក្រៅយោធា និងប្រើកែវយឹត ត្រួតពិនិត្យមើលសមយុទ្ធនេះ ខណៈដែលប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់របស់សហរដ្ឋអាម៉េរិកបានបាញ់គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់។

សមយុទ្ធនេះគឺជាផ្នែកមួយនៃការហ្វឹកហ្វឺនថ្មីនៅក្នុងអ្វីជាភាសាហ្វីលីពីនហៅថា Balikatan ប្រចាំឆ្នាំលើកទី ៣៨ ។ សមយុទ្ធយោធារួមគ្នាដែលកំពុងធ្វើឡើងនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៨ ខែមេសា។ ទាហានប្រហែល១៧៦០០នាក់ដែលភាគច្រើនបំផុតមិនធ្លាប់មាន កំពុងតែចូលរួមនៅក្នុងសមយុទ្ធអន្តរប្រតិបត្តិការនេះ។

សមយុទ្ធនេះបានធ្វើឡើងចម្ងាយ ១២ ម៉ាយក្នុងសមុទ្រ ពីទីក្រុងឆ្នេរសមុទ្រ San Antonio ក្នុងខេត្ត Zambales ហ្វីលីពីន។ ទីតាំងនៃសមយុទ្ធហាក់ក្បែរនឹងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានទាមទារយ៉ាងខ្លាំងក្លា រួមទាំងតំបន់​ដែលទីក្រុងម៉ានីលនិយាយថាជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនទៀតផង។ ចាប់តាំងពីលោក Marcos ចូលកាន់តំណែងក្នុងខែមិថុនា ទីក្រុងម៉ានីលបានធ្វើការតវ៉ាការទូតជាង ៧០ ដង ជុំវិញសកម្មភាពរបស់ចិននៅក្នុងដែនទឹក រួមទាំងការប្រើប្រាស់ឡាស៊ែរកម្រិតយោធាដោយឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនប្រឆាំងនឹងនាវាល្បាតហ្វីលីពីនកាលពីខែ កុម្ភៈកន្លងទៅ៕

ប្រភព៖ Nikkei Asia

ប្រភពរូប៖Nikkei Asia
ប្រែសម្រួល៖សុខ តុលា