សេដ្ឋកិច្ច

ត្រីមាសទី១ឆ្នាំនេះ ចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីមានកំណើនល្អ

ដោយៈផាវី

ភ្នំពេញ៖ត្រីមាសទី១ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិទំាងបីនៃព្រះរាជាណា ចក្រកម្ពុជាគឺ ភ្នំពេញ ខេត្តសៀមរាបនិងខេត្តព្រះសីហនុ​ទទួល​​បានអ្នកដំណើរសរុប១,២លាននាក់។ចំនួនអ្នកដំណើរនៅ អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញនិងខេត្តសៀមរាបមាននិន្នាការកើន​ឡើង​ប្រកបភាពភាពជឿជាក់។

កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតាមដាននិងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ការសាង​សង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំ​ដោយ​លោក ​តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី២ នៃគណៈកម្មការ ដែល​មានការចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុន សម្បទាន SCA ។

យោងតាមរបាយការណ៍អង្គប្រជុំ សម្រាប់៣ខែដំបូងនៃឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិ ទំាងបីនៃព្រះរាជាណាចក្រកម្ពុជា គឺ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ទទួលបានដំណើរ​៩៤ម៉ឺននាក់ស្មើនឹង៦០ភាគរយនៃចំនួនអ្នកដំណើ​នៅឆ្នាំ២០១៩។ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន​ទំាងបីបាន​កើនឡើង​ជាបន្តបន្ទាប់។គណៈកម្មការសង្ឃឹមថា ចំនួននឹងបន្តកើនឡើងទៀតខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិង​កំពុងដាក់​ចេញ​ជាបន្តបន្ទាប់នូវគោលនយោបាយទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍។ដោយឡែកចំពោះចំនួនចរាចរណ៍ទំនិញផ្លូវអាកាសក៏បាន​កើន​ឡើង​ល្អសម្រាប់​ត្រីមាសទី១ឆ្នាំ២០២៣នេះផងដែរ៕