អន្តរជាតិ

អ៊ុយក្រែន៖ មនុស្ស២នាក់ស្លាប់,​១០នាក់របួសក្រោយរុស្ស៊ីវាយប្រហារសារមន្ទីរ

អ៊ុយក្រែនរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ និង១០នាក់រងរបួស ក្នុងការវាយប្រហាររបស់រុស្ស៊ីថ្មីមកលើ​សារមន្ទីរក្នុងទីក្រុងធំខាគៀវ។

មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារទី ២៥ ខែមេសាថា យោធារុស្ស៊ីបានប្រើប្រាស់កាំជ្រួចការពារដែនអាកាស S-300 ដើម្បីវាយប្រហារលើសារមន្ទីរជាតិប្រវត្តិសាស្រ្តមួយ ស្ថិតក្នុងតំបន់ Kupiansk នៃកណ្តាលទីក្រុងធំទី២ Kharkiv។ យោធារុស្ស៊ីបានប្រើប្រាស់ S-300 ម្តងហើយម្តងទៀត ដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនមិនអាចស្ទាក់ចាប់បាន ដើម្បីវាយប្រហារគោលដៅដីគោក។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះវីដេអូពីគេហទំព័រដែលបង្ហាញពីអគារដែលបាក់បែក និងអ្នកសង្គ្រោះបន្ទាន់ពិនិត្យមើលការខូចខាត។ Zelenskyy បាននិយាយថា “ប្រទេសភេរវករកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញពួកយើងទាំងស្រុង”។ “ប្រវត្តិសាស្រ្តរបស់យើង វប្បធម៌របស់យើង ប្រជាជនរបស់យើង។ សម្លាប់ជនជាតិអ៊ុយក្រែនដោយប្រើវិធីសាស្ត្រព្រៃផ្សៃ”។

អភិបាលតំបន់ Kharkiv លោក Oleh Syniehubov ក្រោយមកបានរាយការណ៍ថា សាកសពជនរងគ្រោះ២នាក់ ត្រូវបានទាញចេញពីក្រោមគំនរបាក់បែក។ អ្នករបួសមាន១០នាក់ ៣នាក់របួសធ្ងន់ និង៧នាក់របួសស្រាល។ ជុំវិញដំណឹងនេះ រុស្ស៊ីមិនបានឆ្លើយតបនោះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា