សន្ដិសុខសង្គម

អាវុធហត្ថចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរសត្វព្រៃខុសច្បាប់

មណ្ឌលគិរី៖កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូននិងជួញដូរសត្វព្រៃខុសច្បាប់ ប្រភេទស្វាស្រូវជិត១០ក្បាល។

មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរីឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែមេសា កម្លាំងអាវុធហត្ថស្រុកកែវសីមាជាមួយយោធាវរសេនាតូចអន្តរាគមន៍លេខ១ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យម្នាក់លួចដឹកនិងជួញដូរសត្វព្រៃដោយខុសច្បាប់។ការចាប់បានជនសង្ស័យនៅចម្ការស្វាយចន្ទីមួយ ស្ថិតក្នុងភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យឈ្មោះ សន កូប អាយុ៤៦ឆ្នាំ នៅភូមិព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាមួយសត្វស្វាស្រូវចំនួន៩ក្បាល-ម៉ូតូម៉ាកហុងដា១គ្រឿង។ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្ត៕ដោយ៖សុខុម