អន្តរជាតិ

សិង្ហបុរីកាត់ទោសប្រហារជីវិតដោយព្យួរកបុរសម្នាក់ជួញដូរកញ្ឆា១គីឡូក្រាម

រដ្ឋាភិបាលប្រទេសសិង្ហបុរី បានសម្រេចកាត់ទោសប្រហារជីវិតដោយព្យួរកបុរសម្នាក់ ពីបទជួញដូរកញ្ឆាបរិមាណជាង១គីឡូក្រាម មិនទទួលយកការសុំអង្វរករពីគ្រប់ភាគីណាឡើយ។

អ្នកទោសសិង្ហបុរីរូបនេះ មានឈ្មោះថា Tangaraju Suppiah អាយុ ៤៦ ឆ្នាំ មុខរបរជាម្ចាស់ហាងម៉ាតលក់ទំនិញខ្នាតតូចមួយនៃប្រទេសសិង្ហបុរី។ នៅថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣នេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា គាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយមិនអាច​ប្រកែកបានដោយវិធីព្យួរកក្នុងទីក្រុង។ បុគ្គលនេះត្រូវបានចោទពីបទ ជួញដូរកញ្ឆាជាង ១ គីឡូក្រាម (២.២ ផោន) ក្នុងឆ្នាំ ២០១៣ ដែលជាកម្រិតដ៏សែនច្រើនបំផុតមួយសម្រាប់រដ្ឋាភិបាលសិង្ហបុរីក្នុងការដាក់ទោស​ប្រហារជីវិតតាមច្បាប់តឹងរ៉ឹងគ្រឿងញៀន។

បើទោះបីជាមានការសុំអង្វរ ឬអន្តរាគមន៍ពីភាគីគ្រួសារ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស រួមទាំងមហាសេដ្ឋីអង់គ្លេស Richard Branson ក៏ដោយ Tangaraju Suppiahនៅតែមិនអាចរួចខ្លួនពីទោសបានឡើយ។ Branson ថា “សាលក្រមប្រឆាំងនឹង Suppiah មិនស្របតាមស្តង់ដារសម្រាប់ការកាត់ទោសព្រហ្មទណ្ឌ ព្រោះកាលចាប់ខ្លួនដំបូង Suppiah មិនបានស្ថិតនៅជិតគ្រឿងញៀនឡើយ។ រដ្ឋាភិបាលសិង្ហបុរីបានឆ្លើយតបវិញថា Branson កំពុងជ្រៀតជ្រែករឿងមិនពិត និងមិនគោរពប្រព័ន្ធយុត្តិធម៌របស់សិង្ហបុរី។ តុលាការរបស់ខ្លួនបានចំណាយពេលជាងបីឆ្នាំហើយដើម្បីពិនិត្យករណីនេះ មិនមែនចេះតែធ្វើលំៗនោះទេ ហើយការអះអាងរបស់លោក Branson គឺពិតជា “មិនពិត”។

គួរឲ្យដឹងផងដែរ ប្រទេសសិង្ហបុរីបានប្រហារជីវិតមនុស្សចំនួន ១១ នាក់កាលពីឆ្នាំមុន ហើយថាទោសប្រហារជីវិតគឺជាការរារាំងដ៏មានប្រសិទ្ធភាពប្រឆាំងនឹងគ្រឿងញៀន ដែលប្រជាជនភាគច្រើនគាំទ្រគោលនយោបាយនេះ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា