សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនអភិបាលរងក្រុងបូកគោម្នាក់ពីបទប្រើហិង្សាលើប្រពន្ធ

កំពត៖ ដោយមានគោលការណ៍ពីអភិបាលខេត្តនិងខាងតុលាការខេត្តកំពត សមត្ថកិច្ចបានអនុវត្តឃាត់ខ្លួន អភិបាលរងក្រុងបូកគោម្នាក់ ក្រោមបទសង្ស័យប្រើហិង្សាលើប្រពន្ធឱ្យរងរបួស។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមេសា ក្រោយពីជនសង្ស័យចូលបំភ្លឺនៅអធិការដ្ឋាន នគរបាលក្រុងកំពត ស្របតាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ។ មន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ស្រ្តីឈ្មោះម៉ាត់ លក្ខិណា បានបង្ហោះព័ត៌មានលើហ្វេសប៊ុកឈ្មោះ Ah leak ។

ព័ត៌មាននោះមានខ្លឹមសារថា “នាងនិងស្វាមីឈ្មោះ គឹម បញ្ញា ជាអភិបាលរងក្រុងបូកគោ បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០១៩។ការរួមរស់នេះនាងទទួលក្តីឈឺចាប់ទាំងរាងកាយនិងផ្លូវចិត្ត ដោយរងនូវអំពើហិង្សាម្តងហើយម្តងទៀត។ លោក គឹម បញ្ញា ធ្លាប់ធ្វើកិច្ចសន្យាថាឈប់ប្រើអំពើហិង្សា មកលើរូបនាងទៀតហើយ។ប៉ុន្តែការវាយដំនៅតែកើតមានរហូតមកដល់ពេលនេះធ្វើឱ្យនាងឆ្អែតចិត្ត ចំពោះទង្វើដែលគាត់បានប្រព្រឹត្ត និងអស់ការទ្រាំបន្តទៅទៀត។ សូមលោកពូអភិបាលខេត្តកំពតជ្រាប និងជួយរកយុតិ្តធម៌សម្រាប់នាងខ្ញុំផង”។

ភ្លាមៗផេកផ្លូវការនគរបាលខេត្តកំពតបានបង្ហោះសារ កោះហៅអភិបាលរងក្រុងបូកគោឱ្យចូលបំភ្លឺចំពោះការ ចោទប្រកាន់ខាងលើ។ក្រោយពីលោកអភិបាលរងក្រុងបូកគោរូបនោះចូលបំភ្លឺនៅនគរបាលក្រុងកំពតនារសៀលថ្ងៃដដែល សមត្ថកិច្ចបានសុំគោលការណ៍ពីអភិបាលខេត្ត និងខាងតុលាការខេត្តកំពត ហើយក៏បានឃាត់ខ្លួនលោកគឹមបញ្ញាតែម្តង៕ដោយ៖កំចាយ