អន្តរជាតិ

រុស្ស៊ីថាសង្រ្គាមនុយក្លេអ៊ែរកំពុងខិតចូលមកដល់ព្រោះដោយសារទង្វើអាម៉េរិកគាំទ្រអ៊ុយក្រែន

រុស្ស៊ីនិយាយថា សង្រ្គាមនុយក្លេអ៊ែរកំពុងខិតចូលមកដល់ហើយ ព្រោះដោយសារតែ  ទង្វើគាំទ្ររបស់សហរដ្ឋអាម៉េរិកទៅលើអ៊ុយក្រែនហាក់កើនឡើងខ្លាំងជ្រុលហួសហេតុ។

ការព្រមាននេះ ធ្វើឡើងដោយលោក Vladimir Yermakov ដែលជាប្រធានផ្នែកការមិនរីកសាយភាយនុយក្លេអ៊ែររបស់ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នាពេលថ្មីៗនេះ។ Yermakov ប្រាប់ថា “ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនហានិភ័យចង់មានរឿង​តទល់ជាមួយវិមានក្រឹមឡាំងហើយ”។ ហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់​រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរកំពុងកើនឡើងជាលំដាប់ ខណៈដែលលោកបានបញ្ជាក់ទៅកាន់​ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម ឬខ្លី ប្រសិនបើអាម៉េរិកនៅតែបន្តការជួយដល់អ៊ុយក្រែនបែបនេះ។

សម្រង់ប្រសាសន៍លោក Yermakov “ប្រសិនបើសហរដ្ឋអាម៉េរិកបន្តអនុវត្តតាមការប្រឈមមុខដាក់គ្នា​នាពេលបច្ចុប្បន្នរបស់ខ្លួនជាមួយរុស្ស៊ី ភាពតានតឹងនឹងកើនឡើងឥតឈប់ឈរ រហូតអាចនឹងឈានដល់ជម្លោះប្រដាប់អាវុធដោយផ្ទាល់ នោះជោគវាសនានៃ (សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ) START អាចជាការសន្និដ្ឋានទុកជាមុន”។

ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែនកាលពី ១៤ ខែមុន ទីក្រុងមូស្គូបានចេញការចោទប្រកាន់ជាទៀងទាត់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ្វីដែលខ្លួនហៅថា “ក្រុមលោកខាងលិច” សម្រាប់ការបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដែលជាវោហារសាស្ត្រដែលមានបំណងរារាំង​សម្ព័ន្ធមិត្តរបស់ទីក្រុងគៀវ។ ការព្រមានលើកនេះ គឺជាលើកចុងក្រោយបង្អស់ហើយដែលធ្វើឡើង​ដោយមន្រ្តីជាន់ខ្ពស់រុស្ស៊ី៕

ប្រភព៖ Dailymail

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា