អន្តរជាតិ

រុស្ស៊ីកំពុងចង់លុបចោលកិច្ចព្រមព្រៀងធញ្ញជាតិសមុទ្រ ខណៈអ៊ុយក្រែនប្រកាសឲ្យពិភពលោកជួយ

រុស្ស៊ីចាប់ផ្តើមសំដែងការមិនពេញចិត្តបណ្តើរៗ និងចង់លុបចោលកិច្ចព្រមព្រៀងធញ្ញជាតិសមុទ្រខ្មៅ​ដែលជាប្រភពប្រាក់ចំណូលសំខាន់របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនប្រកាសសុំឲ្យពិភពលោកជួយ។

លោក Mykhailo Podolyak ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីអធិប្បាយជាលាយលក្ខណ៍អក្សរទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ថា “គំនិតផ្តួចផ្តើមសមហេតុផលពិតប្រាកដរបស់លោក Guterres អាចជោគជ័យបានលុះត្រាតែសហគមន៍អន្តរជាតិដាក់សម្ពាធរួមគ្នា”។ “អ៊ុយក្រែននឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀងជាមួយតួកគី និងអង្គការសហប្រជាជាតិ ហើយនឹងបន្តដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់គោលដៅរបស់ពួកគេ ដោយដោះស្រាយបញ្ហាការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក” ដែលនេះជាជំហររបស់អ៊ុយក្រែន។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើ “ផ្លូវឆ្ពោះទៅមុខ សំដៅលើការកែលម្អ ការបន្ថែម និងការពង្រីក” នៃកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅនេះ នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Putin ប្រធានាធិបតីរុស្ស៊ី ក៏ប៉ុន្តែមិនទាន់មានការឆ្លើយតបជាផ្លែផ្កានៅឡើយទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “ទោះបីជាពេលវេលាបានកន្លងផុតទៅច្រើនក៏ដោយ កិច្ចព្រមព្រៀងដែលយល់ព្រមរួចហើយមកនេះនៅតែមិនទាន់ត្រូវបានអនុវត្តឲ្យចំទិសដៅ វាមិនទាន់បានរួមគ្នាជាកញ្ចប់មួយប្រយោជន៍ពេញលេញនៅឡើយ លក្ខខណ្ឌដែលទាក់ទងនឹងយើង នៅតែមិនត្រូវបានសម្រេច”។

សូមរំលឹកថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ត្រូវបានពន្យារចុងក្រោយបន្ថែមកាលពីខែមីនា ដោយមានសុពលរយៈពេល ៦០ថ្ងៃ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា