សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងរថយន្តមិនស្គាល់អត្តសញ្ញាណ បានបុកជាមួយម៉ូតូធំពេញទំហឹង បណ្តាលឱ្យបុរសម្នាក់បែកក្បាលចេញខួរស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅត្រង់ទល់មុខវត្តបាក់ខែង តាមផ្លូវជាតិលេខ6A ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រឈានចូលទី២៦ ខែមេសា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូធំម៉ាក KTM Duke ផ្លាកលេខភ្នំពេញ1GZ-3118 មានអ្នករួមដំណើរជាមួយម្នាក់ បើកតាមផ្លូវបេតុងក្បែរវត្តបាក់ខែងពីកើតទៅលិច។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណ បើកតាមផ្លូវជាតិលេខ៦A ពីជើងទៅត្បូងជ្រុលបុកម៉ូតូពេញទំហឹង ធ្វើឱ្យបុរសម្នាក់ដួលបែកក្បាលចេញខួរស្លាប់មួយរំពេច។ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ភ្លាមនោះរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុ នគរបាលចរាចរណ៍ភ្នំពេញបានចុះពិនិត្យ និងនាំម៉ូតូជនរងគ្រោះទៅរក្សាទុក។រីឯសពតម្កល់នៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ។សមត្ថកិច្ចបានបន្តស្រាវជ្រាវរករថយន្តបង្ក​និងតៃកុងដើម្បីនាំមកចាត់ការតាមច្បាប់៕ដោយ៖វិត្រ