កីឡា

ត្រៀមទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡានៅថ្ងៃស្អែកនេះ

ស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងរៀបចំទីតាំងនិងកន្លែងសំខាន់ៗដើម្បីត្រៀមទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡាដែលនឹងចូលមកដល់ទឹកដីខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។

លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានដឹកនាំស្ថាប័នមន្ទីរសមត្ថកិច្ចចុះទៅពិនិត្យទីតាំងមុខសាលាខេត្ត​វត្តស្រះកែវមុន្នីវណ្ណ ហៅវត្តលើ គល់ស្ពានសេកុងនិងនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលនៅព្រឹកថ្ងៃទី២៦មេសា។

សូមបញ្ជាក់ថា ក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិណងណុកឃៀនឡាវ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧មេសា។  ពិធីប្រគល់ និងទទួលព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅច្រកព្រំដែន បន្ទាប់មកហែចូលទៅកាន់ទីរួមខេត្ត ហើយបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាលនៅថ្ងៃបន្ទាប់។

មុននេះព្រះអគ្គិជ័យកីឡាបានដង្ហែទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-អាគ្នេយ៍រួចហើយ។ព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។ថ្ងៃទី២៩ ខែមេសា ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយផ្តើមពីខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ថ្ងៃទី០៥ ខែឧសភា ព្រះអគ្គិជ័យកីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋានមរតកតេជោនៅវេលាម៉ោង៨យប់។

សូមបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចេញពីខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេសវៀតណាម។ បន្ទាប់ពីប្រទេសវៀតណាម ព្រះអគ្គិជ័យក៏បានដង្ហែទៅកាន់ប្រទេសដទៃទៀតជាបន្តបន្ទាប់៕

ដោយ៖សុខុម