សន្ដិសុខសង្គម

តុលាការឃុំខ្លួនបុគ្គលិកក្រុមហ៊ុនវីងម្នាក់ករណីសមគំនិតក្នុងអំពើឆបោក

ភ្នំពេញ៖រសៀលថ្ងៃទី២៤ ខែមេសា នគរបាលភ្នំពេញ បានចាប់បុគ្គលិកក្រុមហ៊ុនវីងម្នាក់បញ្ជូនទៅតុលាការ ពីបទសមគំនិតក្នុងអំពើឆបោក ហើយត្រូវឃុំខ្លួននៅថ្ងៃទី២៦ ខែមេសានេះ។

សមត្ថកិច្ចបានឱ្យដឹងថា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក យ៉ាន សុភាព ប្រធានក្រុមប្រឹក្សាតុលាការភ្នំពេញបានបញ្ជាក់ថា បានឃើញសំណុំរឿងជំនុំជម្រះលេខ ៣៤២៥ ចុះថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ បានឃើញសាលក្រមព្រហ្មទណ្ឌលេខ ២២”ច១”ក្រ១០ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

បានឃើញអត្តសញ្ញាណពិរុទ្ធជនឈ្មោះ ហំ សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនវីង ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាប់ចោទពីបទសមគំនិតក្នុងអំពើឆបោក និងសមគំនិតក្នុងការប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយបានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០។

យោងតាមមាត្រា៣៧៧, មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ អំពើឆបោកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។ចំណែកមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ការប្រើប្រាស់ឯកសារសាធារណ:ក្លែងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល។

ក្រោយពីចេញសាលក្រមតុលាការ បានបញ្ជាដល់កម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ខ្លួនពិរុទ្ធជនឈ្មោះ ហំ សុផល និងបញ្ជូនជនជាប់ចោទទៅឃុំខ្លួននៅពន្ធនាគារម១នៅថ្ងៃនេះ។ប៉ុន្តែជនជាប់ចោទបានប្តឹងទាស់ក្នុងសំណុំរឿងខាងលើ៕ដោយ៖វិចិត្រ